រថយន្តកុងតឺន័រធុនធំមួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃនៅលើផ្លូវថៃហ្គរ

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ ពីរថយន្តកុងតឺនរធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេបានក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាងនៅលើផ្លូវថៃហ្គរ កែងនិងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ស្លាលេខភ្នំពេញ 3C.0795 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចផ្លូវថៃហ្គរក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង ធ្វើឲ្យរថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ច ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ៕