ចាប់បញ្ជូន​និគមជន​វៀតណាម​ទៅ​ស្រុក​វិញ​ជា​ការ​អនុវត្ត​តាមច្បាប់​អន្តោប្រវេសន៍​

កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​ជនជាតិ​វៀតណាម​១៥២​នាក់ ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​តាម​ច្រកព្រំដែន ដោយសារតែ​ពួកគេ​ចូល​មក​រស់នៅ​និង​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ ។ តាមរយៈ​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​វៀតណាម​ទាំង​១៥២​នាក់ ដែល​ត្រូវ​បញ្ជូន​ត្រ​ឡប់​ទៅ​ស្រុក​វិញ​នោះ​គឺ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​វៀតណាម​២៤០​គ្រួសារ​ដែល​អាជ្ញាធរ​បាន​ធ្វើ​ជំរឿន​និង​រក​ឃើញ​ថា​ពួកគេ​បាន​មក​ជួល​ផ្ទះ​ស្នាក់នៅ​និង​ធ្វើ​ការងារ​ក្នុង​ខេត្តស្វាយរៀង​ដោយ​ខុសច្បាប់ ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​គាំទ្រ​យ៉ាង​ខ្លាំង ព្រោះ​កន្លងមក​ជនជាតិ​វៀតណាម​តែងតែ​ចូល​មក​រស់នៅ​និង​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត ។

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​បាន​ធ្វើ​ជំរឿន​នៅក្នុង​ខេត្តស្វាយរៀង ចំនួន​​៧​ស្រុក ក្នុងចំណោម​៨​ស្រុក​នៃ​ខេត្ត​នេះ ។ ចំណែក​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​យួន​ចំនួន​១៥២​នាក់​ត្រូវ​បញ្ជូន​ចេញ​តាម​ច្រក​អន្តរជាតិ​បាវិត ប៉ុន្តែ​ទោះជា​យ៉ាងណា​គេ​បាន​លើក​ទ្បើង​ថា​មិន​ទាន់​មាន​របាយការណ៍​ច្បាស់លាស់​អំពី​ចំនួន​ជនជាតិ​វៀតណាម​រស់នៅ​និង​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខេត្តស្វាយរៀង​នោះ​ទេ ។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ធ្វើការ​ជំរឿន​ជនជាតិ​វៀតណាម​ប្រកបដោយ​តម្លាភាព ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​ក្រសួងមហាផ្ទៃ​និង​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ ។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​២​ខែ​កន្លង​ទៅ​នេះ​មានការ​បញ្ជូន​ជនបរទេស​ត្រ​ឡប់​ទៅ​ស្រុក​វិញ​ជាង​២០០​នាក់​មក​ហើយ​ក្នុង​នោះ​មាន​ជនជាតិ​ស្បែក​.​ស ជនជាតិ​ស្បែក​ខ្មៅ ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ជនជាតិ​ចិន​ជាដើម ។ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ការ​ជំរឿន​ជនបរទេស​រស់នៅ​លើទឹក​ដី​ខ្មែរ​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​៣​យ៉ាង ទី​១-​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ដែល​មាន​ឯកសារ​ហួស​សុពលភាព ទី​២-​ស្ទង់​មតិ​អ្នក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឯកសារ និង​ទី​៣-​ចាត់វិធានការ​លើ​អ្នក​ដែល​មិន​មាន​ឯកសារ​ហើយ​បញ្ជូន​ត្រ​ឡប់​ទៅ​ស្រុក​វិញ ។ ស្រប​នឹង​ផែនការ​របស់​ក្រសួងមហាផ្ទៃ​បែបនេះ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន និង​ក្រសួងមហាផ្ទៃ​ប្រាកដជា​អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ជាមិនខាន ៕

return vietnam refugee to home town

ដោយ មនសិការ​ខ្មែរ