លោកអធិការខណ្ឌដង្កោ ដឹកនាំកម្លាំងដាក់គោល​ដៅ​ត្រួតពិនិត្យច្បាប់ចរាចរណ៍

ភ្នំពេញ៖​ លោក​ ជឹម​ សុីថា​ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌ ដង្កោនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងដាក់គោល​ដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅ​ចំណុច​ស្តុប​ ផ្លូវ៥០ ម៉ែត្រកែង និង៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​ ។

លោកអធិការបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានដាក់​គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍អ្នក​ដែលមិនពាក់មួកសុវត្ថិភាពនេះ ជាប្រចាំរយៈពេល១ ខែ ដោយមិនធ្វើការផាកពិន័យនោះទេ គ្រាន់តែឃាត់ទុក ហើយណែនាំឱ្យពួកគាត់ទៅរកមួកសុវត្ថិភាពមកពាក់ ទើបឱ្យធ្វើដំណើរទៅមុខ ទៀត ។

លោក​ ជឹម​ សុីថា​ បន្តថា យើងធ្វើនេះគឺអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃខណៈសម្តេចមានប្រសាសន៍ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ។

ជាមួយគ្នានោះលោកអធិការរូបនេះ ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូនៅលើដងផ្លូវទាំងអស់ត្រូវតែ​ពាក់​មួយសុវត្ថិភាពគ្រប់ពេលវេលា ដោយយើងទុករយៈ១ខែមិនផាកពិន័យទេ ចាប់គិត​ពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ លើសពីនេះនគរបាលនឹងត្រូវអនុវត្តផាកពិន័យតាមច្បាប់ជាធរមាន ៕