ចុងខែសីហា ! តុលាការនឹងប្រកាសសាលាក្រមលើសំណុំរឿង លោក ឡាយ វណ្ណៈ អតីត អភិបាលខេត្ដតាកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ បន្ទាប់ពីលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នឹងដឹកនាំអង្គសវនាការជំនុំជម្រះទោស លោក ឡាយ វណ្ណៈ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធសំណុំរឿង ឃាតកម្មលើលោកស្រី ចេវ សុវឌ្ឍនា ហើយនោះតុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា សំណុំរឿងមួយនេះត្រូវតុលាការបើកសវនាការជា ច្រើនលើករួចមកហើយ ដើម្បីសាកសួរអ្នកពាក់ព័ន្ធ និងអ្នកជំនាញឲ្យគ្រប់ជ្រុងជ្រោយ ហើយសវនាការនាព្រឹកនេះទំនងជាលើកចុងក្រោយ ដែលតុលាការនឹងផ្តល់ឱកាសដល់មេធាវីការពារសិទ្ធិជនជាប់ចោទ និងតំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាន នៅមុនពេលដែលចៅក្រមប្រកាសសាលក្រមសម្រេចទោសរបស់ជនជាប់ចោទ។

សូមជម្រាបជូនថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាពេលកន្លងមកក្រុមជនជាប់ចោទសុទ្ធតែបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។
រីឯសាក្សី, មន្ត្រីកោសល្យវិច័យនៅខេត្តតាកែវ និង ឪពុកបង្កើតរបស់ជនរងគ្រោះ សុទ្ធតែអះអាង និងជឿជាក់ថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ពិតជាចងកសម្លាប់ខ្លួន មិនមែនជារឿងឃាតកម្មនោះទេ។
ប៉ុន្តែមន្ត្រីជំនាញកោសល្យវិច័យ ក្រសួងមហាផ្ទៃ បានសន្និដ្ឋានថា ករណីជនរងគ្រោះ ចេវ សុវឌ្ឍនា អាចជារឿងឃាតកម្ម ដែលបង្កឡើងដោយក្រុមជនជាប់ចោទទាំង ៤នាក់ខាងលើ។

គួររំលឹកថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ហៅ ស្រីពៅ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ។ ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។

ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕