គ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​ប្រកាន់​នូវ​ជំនឿ​ព្រហ្មញ្ញ​សាសនា​ក្នុង​ទី​អារាម

ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ជា​បរិស័ទ​មក​ពី​ភូមិ​ជុំវិញ​ចំណុះ​ជើង​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិសែនជ័យ ផ្ទុះ​ការ​តវ៉ា ខឹង​សម្បារ បន្ទាប់​ពី​គ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​បរិស័ទ មិន​ឲ្យ​គោរព​ប្រតិបត្តិ​ជំនឿ​បែប​ព្រហ្មញ្ញ​សាសនា ក្នុង​ទី​អារាម​ខាង​លើ ទោះ​ជា​ពលរដ្ឋ តាំង​ពី​ជី​ដូន ជីតា បុរាណាចារ្យ មក​ប្រកាន់​និង​គោរព​សាសនា​ដល់​ទៅ​២ ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា ក៏​ប៉ុន្តែ​ព្រះពុទ្ធ ជា​សាសនា​របស់​រដ្ឋ ។ ហើយ​ពលរដ្ឋ​ខ្មែរ​តែងតែ​គោរព​ប្រតិបត្តិ​សាសនា​ទាំង​២ ដើរ​ទន្ទឹម​គ្នា រហូត​មក​ដល់​សង្គម​ខ្មែរ​បច្ចុប្បន្ន ទូទាំង​ប្រទេស​ទៅ​ហើយ ។ ក៏​ប៉ុន្តែ​ងាក​មក​មើល​វត្ត​ជន្លង់ម្លូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​រងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ឯ​នេះ​វិញ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​លើក​ឡើង​ដូច​គ្នា​ថា តាំង​ពី​លោក​គ្រូ​ចៅ​អធិការ​វត្ត ព្រះនាម អ៊ឹម សែន តែង​តាំង​ជា​ចៅអធិការ​វត្ត អំឡុង​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ ប្លែក​ខុស​ពី​វត្ត​ដទៃ សូម្បី​វត្ត​សម្តេច​សង្ឃ​គង់​នៅ​ក៏​មិន​ដូច​វត្ត​នេះ​ដែរ ក្នុង​ការ​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា ទើប​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ចំណុះ​ជើង​វត្ត នាំ​គ្នា​បះបោរ​តវ៉ា នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រតិបត្តិ​សាសនា​ឲ្យ​នៅ​ដដែល។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​កំណើត​កើត​ជា​អ្នក​ស្រុក ភូមិ​ជុំ​វិញ​វត្ត​ខាង​លើ​នេះ​ទេ ហើយ​រឿង​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា ទាំង​២​នេះ​ដើរ​ទន្ទឹម​គ្នា យូរ​លង់​ណាស់​មក​ហើយ ចម្លែក​តែ​ចៅអធិការ​វត្ត​មក​គង់​នៅ​ថ្មី​នេះ ដាក់​បញ្ជា បម្រាម ក្នុង​វត្ត មិន​ឲ្យ​មាន​ការ​គោរព​ព្រហ្មញ្ញ​សាសនា​ទៅ​វិញ ពោល មិន​ឲ្យ​មាន​ពិធី​ស្រោចទឹក ប្រោះព្រំ លើក​រាសី ទស្សន៍ទាយ ស្លាធម៌ បាយសី​មិន​ឲ្យ​មាន​ក្នុង​វត្ត អ្វី​ខុស​ពី​ធម៌​ព្រះពុទ្ធ ដាក់​បម្រាម​ព្រះ​ក្នុង​វត្ត​ទាំងអស់ មិន​ឲ្យ​ប្រកាន់​បែប​ព្រហ្មញ្ញ​សាសនា ចូល​ជាមួយ​ព្រះពុទ្ធ​សាសនា។

ពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​ងឿង​ឆ្ងល់ ចៅអធិការ​វត្ត​ជន្លង់ម្លូ ព្រះនាម អ៊ឹម សែន តាំង​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ធម៌​វិន័យ ប្រតិបត្តិ​តាម​តែ​ព្រះពុទ្ធ​សាសនា ចុះ​សម្ភារៈ ចិត្ត​ចង់​លម្អ ផ្ទាល់​ខ្លួន​រាល់​ថ្ងៃ ទូរស័ព្ទ​លោក​៣​គ្រឿង តម្លៃ​ជាង ២០០០​ដុល្លារ ប្រើ​រាល់​ថ្ងៃ ស្បែក​ជើង​លោក​ប្រើ​រាល់​ថ្ងៃ​មួយ​គូរ តម្លៃ​ជិត ២០០​ដុល្លា ពោល​សម្ភារៈ​និយម​មិន​ចាញ់ បុថុជ្ជន​ឡើយ សួរ​ថា ចិត្ត​ត្រាស់​ដឹង​ដូច​ព្រះពុទ្ធ​ដែរ​ឬ​ទេ ? សូម្បី​តែ​លុយ​កាក់ របស់​វត្ត លោក​ប្រមូល​កាន់​អាត្មា​អង្គ​ឯង មិន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​វត្ត​កាន់​ឡើយ គណៈកម្មការ​វត្ត​មាន​តែ​ឈ្មោះ កិច្ច​ការងារ យ៉ាង​ណា​នោះ ចៅអធិការ​មិន​ឲ្យ​ដឹង​ឡើយ ពុះ​ដី​ឡូត៍ មុខ​វត្ត លក់​សង់​ផ្នូរ សង់​ម៉ុង​ខ្មោច ១​ឡូត៍​៧០០០​ដុល្លារ គ្មាន​ឲ្យ​គណៈកម្មការ អាចារ្យ វត្ត​ណា​ដឹង លុយ​លោក​កាន់​ខ្លួនឯង​ទាំងអស់ ព្រៃ ដើម ឈើ​ទាល​កាប់​ជិត​អស់​ហើយ។

ពលរដ្ឋ​លើក​ឡើង​ថា លោក​សង្ឃ​អង្គ​នេះ​មក​ដូច​ជ្រុល​ពេក​ហើយ ប្រជាពលរដ្ឋ បរិស័ទ​ចង់​ទៅ​រក និមន្ត​លោក​ស្រោចទឹក ប្រោះព្រំ លើករាសី អ្វី​មិន​បាន បំបិទ​សិទ្ធ ជំនឿ​ព្រហ្មញ្ញ រវាង​ព្រះសង្ឃ​និង​បរិស័ទ តែ​លោក​ចៅអធិការ ប្រើ​របស់​សុទ្ធ​តែ​ប៊្រែនៗ ។

ទាក់ទិន​ពលរដ្ឋ​ខឹង​សម្បារ ជាមួយ​លោកគ្រូ​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្ត មិន​ឲ្យ​ជឿ​ជំនឿ​បែប​ព្រហ្មញ្ញ ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ តវ៉ា​ទាមទារ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ សម្តេច​សង្ឃ មេត្តា​ករុណា​ជួយ​ដោះស្រាយ ហើយ​អ្នក​ព័ត៌មាន​បាន​ចង់​ដឹង​រឿង​ពិត ចុះ​ជួប​ផ្ទាល់ ជាមួយ​ពលរដ្ឋ តែ​ចៅអធិការវត្ត ឃើញ​អ្នក​សារ​ព័ត៌មាន​ចូល​ទៅ ព្រះ​អង្គ​និមន្ត​ឡើង​ឡាន​ចាកចេញ​ទៅ​បាត់។

អ្នក​សារ​ព័ត៌មាន​ជួប​ជាមួយ ភិក្ខុសង្ឃ ណិល ប្រុស ព្រះជន្ម ៣២​ព្រះវស្សា មាន​ថេរៈ​ដីកា​ថា លោក​បួស​ជា​សង្ឃ​១៦​ព្រះ​វស្សា​ហើយ មក​គង់​នៅ​វត្ត​នេះ​បាន​០៨​វស្សា សូម្បី​លោក​ផ្ទាល់​ក៏​ប្រកាន់​នូវ​ធម៌​វិន័យ ព្រះពុទ្ធ​សាសនា​ផង និង​ជំនឿ​បែប​ព្រហ្មញ្ញ​សាសនា​ផង ទើបតែ​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ លោកគ្រូ​ចៅអធិការ​វត្ត ដាក់​បម្រាម មិន​ឲ្យ​មាន​ជំនឿ​បែប​ព្រហ្មញ្ញ លោក​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ ពោល​មិន​ប្រឆាំង​អ្វី​ដែរ ស្លាធម៌ បាយសី របស់​លោក ត្រូវ​បាន ចៅអធិការ​វត្ត​ប្រមូល​យក​ដុត​ចោល​អស់ ក៏​មិន​ថា រឿង​តវ៉ា នូវ​ជំនឿ​យ៉ាង​ណា​នោះ ជា​របស់​បរិស័ទ​ទេ ហើយ​កន្លង​មក ពលរដ្ឋ​តែងតែ​មក រក​មន្ត​លោក​ស្រោចទឹក កាត់​គ្រោះ លើក​រាសី ចេញ​ចូល​វត្ត​ជា​ហូរហែ ដើម្បី​សុំ​សេចក្តី​សុខ ចម្រើន ទៅ​តាម​ជំនឿ​របស់​បរិស័ទ ដល់​ពេល​នេះ​ចៅ​អធិការ​ហាម​ឃាត់ ក៏​មិន​ដឹង​ថា​ម៉េច​ដែរ។

តាម​ស្ត្រី​២នាក់ មាន​វត្តមាន​នៅ​ក្នុង​បរិវេណ​វត្ត​ជន្លង់ម្លូ បាន​ឲ្យ​ដឹង​បែប​ជំនឿ​ថា គាត់​មិនមែន​អ្នក​ស្រុក ភូមិ​នេះ​ទេ ពួក​គាត់​មាន​ទី​លំនៅ​ឯ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គាត់​មាន​សេចក្តី គ្រួសារ​ត្រជាក់ត្រជុំ អាគម ផ្សំ​អាយុ មក​ស្រោចទឹក នៅ​វត្ត​នេះ ជា​ជំនឿ​របស់​គ្រួសារ​គាត់ ចុះ​ហេតុ​អ្វី បាន​ក្នុង​វត្ត​មិន​ឲ្យ​មាន ជំនឿ​បែប​ព្រហ្មញ្ញ​ទៅ​វិញ ប្រាប់​ឲ្យ​លោក ប្រជាពលរដ្ឋ ប្រកាន់​ខ្ជាប់​តែ​ព្រះពុទ្ធ​សាសនា តែ​លោក​ពាក់​ស្បែកជើង​សុទ្ធតែ​របស់​ប៊្រែនៗ តម្លៃ​ថ្លៃ ចុះ​ហេតុអ្វី មិន​មន្ត​ដើរ​ជើង​ទទេ ឬ​ពាក់​គាវ​ត្នោត​ទៅ?

រឿងរ៉ាវ​បង្ក​ឲ្យ​រង្គោះរង្គើ ប្រជាពលរដ្ឋ ត្រូវ​បាន​ចៅអធិការ​វត្ត​ជន្លង់ម្លូ បំបិទ​សិទ្ធ នូវ​ជំនឿ​ព្រហ្មញ្ញ​សាសនា ធ្វើ​ឲ្យ​ពលរដ្ឋ កើត​ទុក្ខ​មិន​សុខចិត្ត ប្រកាន់​ជំហរ បន្ត​ការ​តវ៉ា សូម្បី​តែ​សម្តេច​សង្ឃ គ្រប់​គណៈ ក៏​មាន​ជំនឿ​បែប​ព្រហ្មញ្ញ​សាសនា​ដែរ តែ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ដដែល៕