បញ្ជូនខ្លួនចោរឆក់​ម្នាក់ទៅតុលាការដើម្បីចាត់ការបន្ដ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនចោរ
ឆក់​ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ​​កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដោយ​កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ វឿន វ៉ាត អាយុ​១៧ឆ្នាំ បានធ្វើសកម្មភាពនៅ​ចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ​ឆក់កាបូបរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ​លើដងផ្លូវ។

ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពឲ្យដឹងថា រូបគេបានទៅ​ការដ្ឋានសំណង់ ក្រុមហ៊ុន CSC នៅចំណុចខាងលើ ក្នុងគោលបំណងទៅលេងពូរបស់ខ្លួន តែមិនបានជួបនោះទេ ហើយក៏បានឈរនិយាយគ្នាលេង ជាមួយអ្នកធ្លាប់ធ្វើការជាមួយគ្នា បន្ទាប់មករូបគេដើរត្រលប់មកវិញ បានឃើញបុរសម្នាក់ ដើរ​ចូលក្នុងការដ្ឋាន មានកាបូបលុយក្នុងហោប៉ៅអាវ រូបគេបានធ្វើសកម្មភាពឆក់តែម្តង ហើយត្រូវបានម្ចាស់កាបូបស្រែកឲ្យគេឯងជួយ តែត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃើញឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕