អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យស្ថានភាពតាមច្រាំងទន្លេ

ភ្នំពេញ៖ អាជ្ញាធរចម្រុះរបស់ខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលខណ្ឌ ថេង សុថុល បានចុះពិនិត្យស្ថានភាពច្រាំងទន្លេជុំវិញតំបន់កោះពេជ្រ នៅព្រឹកថ្ងៃទី២០កក្កដានេះ នៅតាមទីតាំងច្រាំងបណ្តោយទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

អភិបាលខណ្ឌចំការមន លោក ថេង សុថុល ប្រាប់ឲ្យដឹងក្នុងដំណើរចុះពិនិត្យច្រាំងទន្លេ គឺដើម្បីពិនិត្យ ស្ថានភាពផ្សេងៗរួមមានការរំលោភយកច្រាំងទន្លេ ការសាងសង់សំណង់ខុសច្បាប់ ទូកនេសាទដែលសំចតប្រមូលផ្តុំនៅកន្លែងតំបន់ហាមឃាត់ ព្រមទាំងពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ។

លោកអភិបាលខណ្ឌ បន្តឲ្យដឹងថា ការចុះនៅពេលនេះ គឺដើម្បីធ្វើការទប់ស្កាត់ឲ្យទាន់ពេលវេលា រាល់បញ្ហាដែលរំលោភយកច្រាំងទន្លេដោយខុសច្បាប់ពីជនខិលខូចមួយចំនួន។

គួរបញ្ជាក់ថាអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំថ្ងៃទី១៥កក្កដា ក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតនៅក្នុងរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវធ្វើការទប់ស្កាត់រាល់សំណង់ខុសច្បាប់។ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ពិនិត្យឲ្យបានហ្មត់ចត់ លើការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញ ដោយត្រូវត្រួតពិនិត្យ ពីបញ្ហាបច្ចេកទេស និងការគោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិជាមុន បើទោះជាការដ្ឋានសំណង់នោះមានកំពស់២ទៅ៣ជាន់ក៏ដោយ ៕