បាត់កូនស្រី៦ថ្ងៃ ឪពុកម្តាយភ័យ ដើរតាមស្វែងរក

ភ្នំពេញ ៖ យុវតីវ័យ១៤ឆ្នាំម្នាក់ បាត់ចេញពីផ្ទះអស់៦ថ្ងៃ ឪពុកម្តាយភិតភ័យ ដើរតាមស្វែងរក ប្តឹងទាំងប៉ូលិសតាមបណ្តាប៉ុស្តិ៍នគរបាលសូមឲ្យជួយអន្តរាគមន៍នៅតែមិនលេចឮដំណឹង ស្ងាត់បាត់សូន្យឈឹង បន្តតាមរកទៀត នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ជួបក្រុមគ្រួសារនៅប៉ុស្តិ៍កាកាប១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ក្មេងស្រីដែលបាត់ខ្លួនឈ្មោះ យឿន សុខជាតិ អាយុ១៤ឆ្នាំ នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ជឿន យីម អាយុ៥២ឆ្នាំ មុខរបរ លក់ត្រី កំពឹស នៅផ្សារឈូកមាស ម្តាយឈ្មោះ សេង អ៊ុន អាយុ៥៣ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះជួល ភូមិជ្រេស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិ ត្រពាំងលាភ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ គ្រួសារខាងលើ មានកូនចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ចំណែកកូនស្រីដែលបាត់នោះជាកូនពៅទី៦ ស្នាក់នៅជាមួយម្តាយ ផ្ទះជួលខាងលើ ។

តាមសម្តីឪពុកម្តាយ បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ០៩ ខែមិនា ឆ្នាំ២០១៩ កូនស្រីរបស់គាត់ ត្រូវបានកូនស្រីគាត់ម្នាក់ទៀត ឲ្យចេញពីផ្សារកន្លែងលក់ត្រី ឲ្យទៅផ្ទះជួយមើលក្មួយ តែបែជាមិនបានដល់ផ្ទះ មិនដឹងថាទៅណា បាត់ខ្លួនរហូត ទើបឆោឡោ ដើរតាមស្វែងរក ប្តឹងប៉ូលិសតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ដើម្បីសូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រកកូនស្រី ។

ម្តាយក្មេងស្រីខាងលើ បានបន្តទៀតថា មកដល់ថ្ងៃទី១៥ នេះអស់រយៈពេល៦ថ្ងៃហើយ នៅតែមិនលេចឮដំណឹង ក្រុមគ្រួសារនៅបន្តតាមស្វែងរក និងសូមអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច មេត្តាជួយដល់គ្រួសារគាត់ កាលបើប្រទះឃើញក្មេងស្រីដូចភិនភាគ ក្នុងរូបថតខាងលើ ជួយឃាត់ ផ្តល់ពត៌មានទៅសមត្ថកិច្ច មូលដ្ឋាន ដោយក្តីអនុគ្រោះ ៕