អត់ខ្លាចបាបទេ! ឈ្មួញនាំគ្នាបោះបង្គោ លយកដីវត្តគោកបញ្ជាន់ទំហំជាង៣ហិកតា យកធ្វើជាកម្មសិទ្ធិ

ភ្នំពេញ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តគោកបញ្ជាន់ បានឲ្យដឹងថា ដីស្រះព្រះទន្លេ ទំហំជាង ៣ហិកតា ដែលជាកម្មសិទ្ធិរបស់វត្ត កំពុងត្រូវបានក្រុមជនមិនស្គាល់មុខមួយក្រុុមបោះបង្គោលយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពបោះបង្គោលយកដីព្រះទន្លេ ទើបតែកើតមានឡើងក្នុងពេលថ្មីនេះទេ ដោយមានបុរសៗវ័យចំណាស់ៗមួយក្រុមមានវិទ្យុទាក់ទងក្នុងដៃផង បាននាំគ្នាដឹកបង្គោលស៊ីម៉ង់ត៍មកដាំជុំវិញដីស្រះព្រះទន្លេ រួចបាញ់ថ្នាំព័ណ៌ខៀវ។ បន្ទាប់ពីដាំបង្គោលរួច ក្រុមបុរសៗ មានគ្នាប្រមាណជាជិត ១០នាក់ តែងតែនាំគ្នាផឹកស៊ី យាមបង្គោលទាំងអស់នោះ ដោយមិនឲ្យអ្នកណាដកចេញឡើយ។

ប្រភពបន្ថែមថា នៅពេលប្រជាពលរដ្ឋទៅសួរនាំ ពាក់ព័ន្ធរឿងដាំបង្គោលយកដីវត្តនេះ ក្រុុមអ្នកបោះ និងយាមបង្គោលទាំងអស់នោះ បានប្រាប់ប្រជាពលរដ្ឋថា មេរបស់ពួកគេឲ្យចុះមកបោះ ព្រោះដីនោះជាដីរបស់មេពួកគេ ដែលពាក់ផ្កាយ៣ ដូច្នេះប្រជាពលរដ្ឋកុំដកបង្គោលនេះចេញឲ្យសោះប្រយ័ត្នមានរឿង។

ជុំវិញករណីនេះ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះអង្គដឹងរឿងមានគេមកបោះបង្គោលយកដីវត្តនៅចំណុចស្រះព្រះទន្លេនោះដែរ តែព្រះអង្គបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ បើគេមិនចុះមកឃាត់ទេព្រះអង្គក៏មិនដឹងធ្វើមិចដែរ ។ ព្រះអង្គមានសង្ឃដីកាថា «ដីវត្តនៅតែជាដីវត្ត មានអ្នកណាទៅទិញលក់ ឬយកធ្វើកម្មសិទ្ធិបានទេញោម»។

ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មាន មិនអាចសុំការបញ្ជាក់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទេដោយលោកអភិបាលខណ្ឌរូបនិយាយយ៉ាងខ្លីថា «អ្នកកាសែត មានការស្អីមកជួបខ្ញុំនៅខណ្ឌ ខ្ញុំអត់ទម្លាប់និយាយតាមទូរស័ព្ទនោះទេ ព្រោះខ្ញុំអត់ដែលស្គាល់»។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែវិច្ឆិ កា ឆ្នាំ២០០៥ ដីស្រះព្រះទន្លេ មានទំហំ ៣៦,៦៥៦ម៉ែត្រការ៉េ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចុះបញ្ជី (ចេញប្លង់រឹង) ជាសម្បត្តិ របស់វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កាលពីអំឡុង២០១៦ ដីស្រះព្រះទន្លេ នេះធ្លាប់មានក្រុមជនខិលខូចចង់គប់គិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរារាំង និងប្តឹងទប់ស្កាត់ ទាន់ពេលវេលា។ ដោយនៅពេលនោះក្រុុមជនខិចខូចបានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជាកម្មសិទ្ធិរបស់វត្ត ទំហំ ៧ម៉ែត្រ គុណនឹង ១០០ម៉ែត្រ។

នៅពេលនោះប្រជាពលរដ្ឋបាន ប្តឹងសុំឲ្យអាជ្ញាធរ ដកព្រះតេជគុណ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ និងលោក សុខ លី មេភូមិចោមចៅ ចេញពីតំណែង ព្រោះពួកគាត់សង្ស័យថា បានគប់គិតគ្នាលួចលក់ដីវត្តឲ្យទៅឈ្មួញដោយខុសច្បាប់។

បើតាមពលរដ្ឋ ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្មួញទិញបានព្រោះមានការគប់គិតគ្នាពីមនុស្សដែលមានសិទ្ធិអំណាចសម្រេចកិច្ចការនៅក្នុងវត្ត៕