នៅចុងខែមីនា! តុលាការប្រកាសក្រមសំណុំរឿងឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ

រាជធានីភ្នំពេញ៖ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់ពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខ ។ បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើក ដោយមិនដែលមានវត្តមានជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ចូលឆ្លើយសូម្បីតែម្តង ។

សំណុំរឿង ឃាតកម្ម មួយនេះមានជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។ 

សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការកន្លងមកទាំងជនជាប់ចោទ និងសាក្សីបន្ទុកសុទ្ធតែអះអាងថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។

គួររំលឹកថា ជនរងគ្រោះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ​ ឡោតិចសេង​ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបើកការស្រាវជ្រាវ និងស៊ើបអង្កេតសមត្ថកិច្ចបានឃាត់ខ្លួនជនជាច់ចោទឈ្មោះ ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ៕