បាញ់២គ្រាប់គំរាមបុរសម្នាក់រួចវាយបន្ថែមឲ្យរបួស

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងចូលមកក្នុងវត្តឬស្សីស្រស់ ហើយបានធ្វើសកម្មភាពចាប់បុរសម្នាក់ វាយបណ្តាលឲ្យរងរបួស រួចបាញ់ជុជដីគំរាម២គ្រាប់តែផ្ទុះ១គ្រាប់និង១ទៀតមិនផ្ទុះធ្លាក់ទៅលើដីធ្វើឲ្យផ្អើលដល់ព្រះសង្ឃនៅកុ្នងវត្តទាំងយប់ រួចគ្រៀកជនរងគ្រោះ ដាក់លើម៉ូតូយកទៅបាត់ដោយមិន ដឹងមូលហេតុ ។

ហេតុការណ៍នេះបានបង្កការណ៍ភ្ញាក់ ផ្អើលកាលវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងវត្តឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីព្រះសង្ឃមួយអង្គម្នាក់ ជាគ្រូសូត្រស្ដាំបានឱ្យដឹងថាមុនពេលកើតហេតុលោកបានឃើញសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានជិះចូលមកក្នុងវត្តហើយបានមកចាប់បុរសម្នាក់ដែលអង្គុយលេងក្នុងវត្តហើយឈានទៅដល់ប្រតាយប្រតប់ជាមួយបុរសម្នាក់ដែលលោកស្គាល់ថាធ្លាប់ចេញចូលក្នុងវត្តនេះរៀងរាល់ថ្ងៃផងដែរ ដោយឡែកផ្ទះរបស់ម្នាក់នេះ ក៏នៅខាងវត្តមិនដឹងជាមានរឿងអ្វីដែរ ទើបឈានទៅដល់ទំនាស់ពាក្យសម្តីដាក់គ្នាកើតជាហិង្សាវាយទៅលើជនរងគ្រោះបណ្តាលរងរបួសរួចបាញ់គំរាម២គ្រាប់ផ្ជុជដីតែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតមិនបានផ្ទុះទេ បានត្រឹមធ្លាក់ទៅលើដី រួចក៍លើកជនរងគ្រោះដាក់លើម៉ូតូដឹកចេញទៅបាត់ថាយកទៅប៉ុស្តិ៍។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍និរោធម្នាក់បានឲ្យដឹងថា ក្រោយពីបានទទួលករណីផ្ទះអាវុធនៅក្នុងវត្តឬស្សីស្រស់ភ្លាម កម្លាំងរបស់លោកបានចុះមកដល់ហើយក៏បានសួរនាំព្រះសង្ឃនៅក្នុងវត្តផងដែរ តែមិនបានឃើញជនសង្ស័យនោះទេ រួចក៏បាននាំគ្នាជិះម៉ូតូចេញពីវត្តអស់ ចំណែកជនរងគ្រោះព្រះសង្ឃប្រាប់ថា ត្រូវជនសង្ស័យដឹកមកប៉ុស្តិ៍តែ សមត្ថកិច្ចមិនបានឃើញទេ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាវជ្រាវបន្តទៀត ៕