វាសនា ឧកញ៉ា គិត ធាង ត្រូវតុលាការសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារPJ

ភ្នំពេញ៖ លោក សេង លា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧកញ៉ា គិត ធាង ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ។

លោក ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និង បទសមគំនិត » តាមមាត្រា៤២ និង ៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច និង តុលាការ ក្នុងការនាំខ្លួនលោក ឧកញ៉ា​ គិត​ ធាង បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕