ព័ត៌មានលម្អិត! ចេញពីផ្សារទិញសម្ភារៈទៅធ្វើបុណ្យចម្រើនព្រះជន្ម ត្រូវរថយន្តធន់ធំបុកពីក្រោយកិនក្បាលធ្លាយខួរ

ភ្នំពេញៈ​ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យ ត្រូវរថយន្តធន់ធំបើកបុកពីក្រោយជ្រុលកិនស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធម៌​ កាលពីវេលាម៉ោង​១០នឹង៣០នាទីព្រឹកថ្ងៃទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្បែរផ្សារស្ទឹងមានជ័យថ្មី​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមសម្តីស្ត្រីជាអ្នកឌុបបានឱ្យដឹងថាដំបូងឡើយរូបគាត់រួមទាំងស្ត្រីរងគ្រោះបានចូលទិញសម្ភារៈក្នុងផ្សារស្ទឹងមានជ័យថ្មី​ ដើម្បីយកទៅរួមបុណ្យចម្រើនព្រះជន្ម​ ក្រោយទិញរួចរាល់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក​ TODAY ពណ៌ត្រួយចេក​ ធ្វើដំណើរទិសដៅពីជើងទៅត្បូង​ ខណៈជិះដល់ចំណុចកើតហេតុក៏មានរថយន្តធន់ធំមួយគ្រឿងម៉ាក​ ហីុយ៉ាន់ដាយ​ ពាក់ស្លាកលេខភ្នំពេញ​ 3E-0515 បើកលឿនស្របគ្នាមកបុកពីក្រោយបណ្តាលអោយស្ត្រីដែលជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនក្បាលផ្ទុះធ្លាយខួរខ្ទេតពេញផ្លូវស្លាប់យ៉ាងអាណោចអាធម៌នៅនឹងចំណុចកើតហេតុ​ ចំណែករូបខ្លួនជាអ្នកឌុបមិនមានរងរបួសនោះទេ​ ។

សមត្ថកិច្ចបានអោយដឹងថាក្រោយមានករណី​នេះ​តៃកុងរថយន្តរួមនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ​ ហើយចំពោះអត្តសញ្ញាណសពស្ត្រីខាងលើមានឈ្មោះ​ ស៊ុន​ សួង អាយុ៥៣ឆ្នាំ​ មានស្រុកកំណើតនៅខេត្តស្វាយរៀង​ រីឯតៃកុងរថយន្តបង្កមិនស្គាល់ឈ្មោះ​ទេ ។

ប្រភពដដែលបន្តថាជុំវិញគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចជំនាញបានចុះមកវាស់វែងត្រង់ចំណុចកើតហេតុរួចអូសយករថយន្តបង្កនឹងម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ចំណែកសាកសពស្ត្រីខាងលើត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​ ៕