នគរបាលបញ្ជូនខ្លួន ស្ត្រីខ្មែរ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ពរពោះជំនួសចិន

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ត្រីខ្មែរ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី ពរពោះជំនួសចិន ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានឈ្មោះទី ១/ សេង ចិន្ដា ហៅដា អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ទី២/ ឈ្មោះ ភួន សុីនួន អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។ និងទី៣/ ឈ្មោះ សាត សារួន អាយុ៣១ឆ្នាំ ។

សូមជម្រាបថា ស្ត្រីខ្មែរ៣នាក់ដែលពាក់ព័ន្ធ បទល្មើសពរពោះជំនួសត្រូវបាននរគបាលវៀតណាមចាប់បញ្ជូនមកអោយនគរបាលកម្ពុជាវិញ បន្ទាប់ពីពួកគេឆ្លងដែនទៅសម្រាលកូននៅក្បែរព្រំដែនវៀតណាម ចិន ។ ពាក់ព័ន្ធករណីពរពោះជំនួសខាងលើនេះបើតាមចម្លើយរបស់ឈ្មោះ សេង ចិន្ដា បានអោយដឹងថា នៅក្នុងខែតុលា ឆ្នាំ២០១៨ នាងបានទៅផ្ទះរបស់ឈ្មោះ ភូន សុីនឿន ដែលនៅក្នុងភូមិជាមួយគ្នានិយាយបញ្ចុះបញ្ជូលឲ្យទៅពរ ពោះជំនួសជនជាតិចិននៅភ្នំពេញដោយ ទទួលបានប្រាក់ចំនួន៨០០០ដុល្លារក្នុង ទារកមួយ ។

ក្រោយមកនៅថ្ងៃទី ១១តុលា ឆ្នាំ២០១៨ ឈ្មោះភូន សុីនឿនបានមកភ្នំពេញតាមការរៀបចំរបស់សេង ចិន្ដា ដោយបានជួបបុរស ស្ត្រីជនជាតិចិន៧នាក់ ហើយការនិយាយគ្នាគឺមានអ្នកបកប្រែភាសារចិន ។ លុះដល់ថ្ងៃទី ២៥តុលា ២០១៨ មានក្រុមគ្រូពេទ្យចិនបានពិនិត្យប្រដាប់បន្តពូជ ហើយក៏ដាក់បញ្ចូលមេជីវិតទៅក្នុងស្បូន ហើយពួកគេក៏អោយលុយកាក់មួយចំនួនសម្រាប់ហូបចុក ថែរក្សាសុខភាព និងពិនិត្យគ៌ត ក្រោយមកខ្លួនបានប្រាប់ថានាងមានផ្ទៃពោះហើយ ពេលនោះនៅថ្ងៃទី ១២មិថុនា ឆ្នាំ២០១៩ ពួកចិនបានអោយនាងឡើងមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន ហើយគេក៏អោយប្រាក់នាងថែម២ ០០០ដុល្លារទៀតដើម្បីចាយវាយបណ្ដោះអាសន្ន ។

បន្ទាប់មកនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៩ អ្នកបកប្រែក៏បានទូរស័ព្ទអោយនាងមកភ្នំពេញដើម្បីរៀបវំសម្រាលកូន នៅពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅប្រទេ សវៀតណាម នាងឃើញមានស្ត្រីចិន២ នាក់ ទារកម្នាក់ ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ សាត សារួន ដែលឈ្មោះដាបញ្ជូនមកអោយមើលថែទាំទារកនិងអ្នកពរពោះ ។ ពេលធ្វើដំណើរទៅដល់ច្រកទ្វារបាវិត មានបុរសជនជាតិចិនម្នាក់ជាអ្នករត់ការចេញលុយកាក់ទាំងអស់ ។ បន្ទាប់មកពួកគេបានបន្តដំណើរតាមរថយន្តតាក់សុី រហូតដល់ចំណតរថភ្លើងក្រុងហូជីមិញ និងបន្តដំណើរ២ថ្ងៃ២យប់ ទើបដល់ទៅក្រុងហាណូយ ដល់ទីនោះមានជនជាតិចិន ផ្សេងទៀតរៀបចំឲ្យបន្តដំណើរទៅព្រំដែន ក៏ត្រូវសមត្ថកិច្ចវៀតណាមចាប់ទាំងអស់គ្នាតែម្ដងដោយមានទាំងខ្មែរ ចិន វៀតណាមដែលរត់ការផង ។

រហូតដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលវៀតណាមកំពង់ឃុំខ្លួនបណ្ដោះអាសន្ន ស្រាប់តែឈ្មោះ ភូន សុីនឿនបាន ឈឺពោះសម្រាលបានកូន ស្រីមួយ ហើយរហូតមកដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ វៀតណាមសម្រេច បញ្ជូនស្រីៗមកប្រទេសកម្ពុជាវិញ ។ ចំណែកជនជាតិចិន វៀតណាម និងខ្មែរ ដែលជាអ្នករត់ការ ត្រូវបានសមត្ថកិច្ចវៀតណាម ចាត់កាងតាមច្បាប់របស់វៀតណាមនៅក្រុងហាណូយ ។ រឿងក្ដីពរពោះជំនួសដែលក្រុមឈ្មួញមានគោលដៅនាំយកទារកទៅក្រៅប្រទេសនេះ អយ្យការអមតុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ ដោយ មិនទាន់កំណត់នូវនទល្មើសដែលត្រូវ ចោទប្រកាន់នៅឡើយ ៕