ផ្អើលពេញវត្ត ! រលំទៀនវស្សា ឆេះកុដិ១ខ្នងហ្មត់

ខេត្តសៀមរាប៖ កុដិ១ខ្នង រួមទាំងសម្ភារមួយចំនួនធំ នៅវត្តវេឡុវ័ន ដោកពោយគោកក្រោល ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ដោយសាររលំទៀនវស្សា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ ខូចខាតកុដិ១ខ្នង មានទំហំ១២ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ត្រូវឆេះអស់ទាំងស្រុង , រថយន្ត១គ្រឿង , រទេះគោសម្រាប់ទុកតាំងលម្អ ១០គ្រឿង , ងាប់កូនឆ្កែចំនួន ៦ក្បាល , ឆេះគម្ពីរព្រះត្រ័យបិដក ១០០ក្បាល (១៩៩៥) , អដ្ខកថា មួយចប់ , គម្ពីរស្លឹរឹត , ស្បង់ចីពរ ព្រមទាំងសម្ភារ:មួយចំនួនទៀត។

ប្រភពខាងលើ បញ្ជាក់ថា ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចំនួន១គ្រឿង ជួយអន្តរាគមន៍ប្រើទឹកអស់២ឡាន រហូតរលត់ទៅវិញនៅម៉ោង ១០និង០០នាទី។ មូលហេតុអគ្គិភ័យនេះ គឺបណ្ដាលមកពីរលំភ្លើងទៀន ដែលព្រះសង្ឃអុជថ្វាយបង្គំព្រះជាប្រចាំ តែយ៉ាងណា ហេតុការណ៍មិនបណ្តាលឲ្យព្រះសង្ឃ និងមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ៕