រាជរដ្ឋាភិបាល មោឃភាព​ប័ណ្ណកម្មសិទ្ធិ​អចលនវត្ថុ​របស់​ក្រុមហ៊ុន​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហូ​វ នៅ​បឹង​ជើងឯក

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ​សម្រេច​ធ្វើ​មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ នៅបឹង​ជើងឯក ព្រមទាំង​លុប​ចោល​សេចក្តីជូនដំណឹង​ចំនួន​៣​ទៀត ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅ​បឹង​ជើងឯក ។

ការ​សម្រេច​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល បញ្ជាក់​ក្នុង​កម្មវត្ថុ​របស់​ខ្លួន​ថា ដោយសារ​ក្រុមហ៊ុន មិន​អនុវត្ត​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ផ្ទៃ​បឹង​ជើង​ឯង ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​នៅ​បឹង​ជើងឯក​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ដូច​ខាងក្រោម ៖
១៖ និរាករណ៍​លិខិត​លេខ​១៩៨ ស​ជ​ណ​.​ផ​ក ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លិខិត​លេខ ៨០១​ស​ជ​ណ​.​ផ​ក ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ និង​លិខិត​លេខ ១១៤៧ ស​ជ​ណ​.​ឧស ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។
២៖ មោឃភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ចំនួន​៥ ប័ណ្ណ គឺ ប័ណ្ណ​លេខ​ភព ៦៨៥៧៨ ភព ៦៨៥៧៩ ភព ៦៨៥៨០ ភ ៦៨៥៨២ និង​លេខ​ភព ៦៨៥៨៣ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ។

បើ​តាម​ប្រភព​ព័ត៌មានបានឱ្យ​ដឹង​ថា ក្រុមហ៊ុន ING Holding បាន​ធ្វើ​កិច្ចសន្យា​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង​ផ្លូវ​ថ្មី​ឈ្មោះ «​មហាវិថី​សម្តេច​តេ​ជោ​» ដែល​មាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង​៩ គីឡូម៉ែត្រ ។ ក្នុង​ការ​កសាង ក្រុមហ៊ុន គឺ​ត្រូវ​ដោះស្រាយ រាល់​ការ​ប៉ះពាល់​នានា​ដែល​ពាក់ព័ន្ធ​ដី​ជា​កម្មសិទ្ធិ​រស់នៅ​របស់​ប្រជាជន ប៉ុន្តែ​ក្រុមហ៊ុន ING Holding មិន​បាន​ធ្វើ​តាម​ដូច​បាន​សន្យា​ជាមួយនឹង​រាជរដ្ឋាភិបាល​ឡើយជាហេតុនាំជាប់គាំងនៅកណ្ដាលទីទើបរាជរដ្ឋាភិបាលសម្រេចមោឃភាពចោលតែម្ដង ។

សូម​រម្លឹក​ថា មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៉ឹ​ង ប៊ុ​ន​ហ៊ូ​វ ។ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ​៦០​ម៉ែត្រ​នេះ ជា​ផ្លូវ​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​ធំ មាន​ប្រវែង​សរុប​៩,១៦០​ម៉ែត្រ មាន​ទទឹង​អ៊ុត​កៅស៊ូ​៣០​ម៉ែត្រ និង​មាន​ចិញ្ចើម​ផ្លូវ​១៥​ម៉ែត្រ​សងខាង​ សរុប៦០​ម៉ែត្រ ។ មហាវិថី​នេះ​ឆ្លងកាត់​បឹង​ជើងឯក និង​បឹង​ទំពុន ភ្ចា​ប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៕