អត់រាងសោះម៉ង! ទើប​ចេញពី​គុក ជួញដូរ​គ្រឿងញៀន សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់

ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ បាន​ស្រាវជ្រាវឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់។ ប្រតិ បត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀននេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

លោក​អធិការ​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​១-​ឈ្មោះ ពេជ្រ ប៊ុ​ន​សេង ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទើប​ចេញពី​គុក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នាពេល​ថ្មីៗនេះស្នាក់​នៅផ្ទះ​ជួល ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ សុខ ធា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​នៅផ្ទះ​មើល​កូន​តូច ស្នាក់​នៅ​ជាមួយ​គ្នា ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ វត្ថុ​តាង​ដកហូត​បាន ​៖ ក្រាម​ស​ថ្លា​ចំនួន​៥ កញ្ចប់​ធំ​ល្មម សង្ស័យ​ជា​សារធាតុ​ញៀន ។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​មក​កាន់ ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​រការ​ចាត់ការ​តាម​នីតិវិធី​ ៕