បុរសជាយោធាសក្ត័៤កន្លះម្នាក់កំពុងដើរឆ្លងផ្លូវត្រូវម៉ូតូបុកស្លាប់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់បណ្តាលឲ្យបុរសម្នាក់បានស្លាប់ ខណៈកំពុងដើរឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង កាលពីវេលាម៉ោង១២និង ១០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១២កក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះហែម នៅ ភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកងទ័ពជើងទឹកអគ្គបញ្ជាដ្ឋានឋានន្តរសក្តិវរនាវី ទោ សក្ត័៤កន្លះសព្វថ្ងៃរស់នៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសជាជនរងគ្រោះបានដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ (វិថី នារីក្លាហាន) ទឹសដៅពីលិចទៅកើត ខណះកំពុងតែដើរឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកភូហ្សា ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1CT- 9933 បើកដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទឹសដៅពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះនិងអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល ចំនួនបីនាក់។ភ្លាមៗនោះមានរថយន្តសង្រ្គោះមកដឹកយកទៅ សង្គ្រោះនៅមន្ទីពេទ្យបានពាក់កណ្តាលផ្លូវតែអកុសល់អ្នក ដើរថ្មើជើង(ជនរងគ្រោះ)បានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទាក់ទងជំនាញ ចរាចរណ៍ចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ រីឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕