លោក​ គឹ​ម​ រស្មី​ លែង​ជា​មេ​ប៉េ​អឹ​ម​ខេត្តរតនគិរី​ទៀត​ហើយ​ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ប្រកបដោយ​ការ​ឈឺចាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល

​​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ នៅ​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ បាន​ចេញ​ព្រះរាជក្រឹត្យ​លុបឈ្មោះ​ លោក​ គឹ​ម​ រស្មី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ ចេញពី​ក្រម​ខ័​ណ្ឌ​ នៃ​កង​យោធពលខេមរភូមិន្ទ​។​

​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​ករណី​ដក​តំណែង​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ “​នេះ​គឺជា​វះកាត់​ប្រកបដោយ​ការ​ឈឺចាប់​។​ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​វះកាត់​“​។​

​សូម​បញ្ជាក់​ថា​៖​ មេ​ប៉េ​អឹ​ម​ខេត្តរតនគិរី​ លោក​ គឹ​ម​ រស្មី​ ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយ​ ព្រោះ​ក្នុង​កម្មវិធី​ខួ​ន​កំណើត​កូន​ លោក​បាន​ចំណាយ​លុយ​រហូត​ដល់​ «​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក​»​ ចែក​ឲ្យ​កូនៗ​ដើម្បី​បើកមុខ​របរ​ចិញ្ចឹមជីវិត​ផ្ទាល់ខ្លួន​។​

​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​កំពុង​ចូលរួម​កម្មវិធី​ខួបកំណើត​កូន​របស់​ខ្លួន​ លោក​ កឹ​ម​ រស្មី​ មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ ក្រៅពី​ការ​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​ខ្លួន​ លោក​បាន​ទាំង​អួត​អំពី​តម្លៃ​ វ៉ែនតា​ ស្បែកជើង​ ខ្សែក្រវាត់​ ឬ​អាវ​ជាដើម​ ដែល​អាវ​មួយ​មាន​តម្លៃ​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ជាដើម​។​

​វី​ដេ​អូ​របស់​លោក​ គឹ​ម​ រស្មី​ មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ ដែល​កំពុង​អួត​ពី​ការ​ចំណាយ​លុយ​ដល់​កូនៗ​របស់​ខ្លួន​ ជា​សាធារណៈ​ ដើម្បី​បង្កើត​មុខរបរ​រកស៊ី​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​យ្យេ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា​ «Gee​ Yong»​ អម​ដោយ​ អំនួត​នៃ​កា​ប្រើប្រាស់​សម្ភារៈ​និយម​របស់​លោក​ គឹ​ម​ រស្មី​ ផង​ដែរ​។​

​ក្នុង​កម្មវិធី​ខួបកំណើត​កូន​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បំណង​របស់​ខ្លួន​ថា​ «​យក​ត្រី​តូច​ ស្ទូច​យក​ត្រី​ធំ​»​ ជាដើម​។​ ​នេះ​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ស្មាន​មិន​ដល់​មែន​ ដែល​លោក​ គឹ​ម​ ស​រ្មី​ មាន​ឋានៈ​ត្រឹម​មេ​ប៉េ​អឹ​ម​ខេត្ត​ តែ​លោក​មាន​លទ្ធភាព​ សន្សំ​លុយ​ពី​ប្រាក់ខែ​មន្ត្រីរាជការ​ ឬ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន​ ចែក​លុយ​ដល់​កូនៗ​៥​នាក់​ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ សរុប​ទៅ​ គឺ​ស្មើនឹង​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​តាម​ឃ្លី​ប​វី​ដេ​អូ​ ដែល​បង្ហោះ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Gee​ Yong​ លោក​ គឹ​ម​ រស្មី​ បាន​ឡើង​លើ​វេទិកា​ខួបកំណើត​ និង​អម​ដោយ​ភរិយា​ ព្រមទាំង​កូនៗ​ផង​នោះ​ បាន​ប្រកាស​ជា​សាធារណៈ​ ជាមួយនឹង​ការ​ ហែក​«​សែក​»​ ចែក​ដល់​កូនៗ​របស់​ខ្លួន​ទាំង​៥​នាក់​ជា​ការ​ដូ ​។​ ​លោក​ គឹ​ម​ រស្មី​ ក៏​បាន​អួត​ទៀត​ថា​ លោក​ក៏​បាន​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ ដែល​គេ​ស្គាល់​ថា​ ជា​ប្រទេស​អ្នកមាន​ទៀត​ផង ​។​ ​សាធារណៈជន​ក្នុង​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​លើក​ជា​ច​ម្ង​ល់​ថា​ តើ​លោក​ គឹ​ម​ រស្មី​ ដែល​បំរើ​ការងារ​រដ្ឋ​ មាន​ប្រាក់បៀវត្សរ៍​ ត្រឹម​ជាង​១​លាន​ ឬ​២​លាន​រៀល​ខ្មែរ​សោះ​ ហេតុ​អ្វី​មាន​លទ្ធភាព​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​?​។​

​សំនួរ​សួរ​ថា​ តើ​លោក​ គឹ​ម​ រស្មី​ បាន​ប្រាក់​ទាំងនោះ​មកពីណា​?​ សំនួរ​សួរ​ទៀត​ថា​ តើ​ករណី​ដូច​លោក​ គឹ​ម​ រស្មី​ នេះ​ ACU​ អាច​ចាត់តាំង​ឲ្យ​មានការ​ស៊ើបអង្កេត​បាន​ទេ​? ៕