ស្លាប់ម្នាក់​ របួសម្នាក់​ នៅផ្លូវ៦០ម៉ែត្រ​ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ដបុក

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង និងស្ត្រីម្នាក់ទៀតរងរបួសស្រាល​ ខណៈ ដែលកំពុងជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវត្រូវបានរថយន្តសាំយ៉ុង (មិនស្គាល់ស្លាកលេខ) បើកបុកពេញទំហឹង​ ខ្ទាត​បេីងជិត១០០ម៉ែត្រ ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅវេលាម៉ោង០៩និង៣០នាទីយប់​ថ្ងៃត​ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចមុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ភូមិទួលរកា​១ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះឈ្មោះ ស៊ឹម​ សុម៉ារ៉ា អាយុជិត៥០ឆ្នាំ​ រស់នៅក្នុងភូមិព្រែកតាគង់ (ច្រកចូលប៊ុនធឿនមាត់បឹង) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីស្ត្រីដែលរងរបួសស្រាលឈ្មោះ សារ៉េម អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជាមួយស្ត្រីរងគ្រោះ បានរៀបរាប់​ប្រាប់ឲ្យ​ដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមួយគ្រឿង ស្លាកលេខភ្នំពេញ 1AR- 4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ជាកន្លែងកេីតហេតុនោះ គាត់ស៊ីញ៉ូបត់ឆ្វេងឆ្លងទៅផ្លូវ៣០ម៉ែត្រ​ ស្រាប់តែមានរថយន្តសាំយ៉ុង​ពណ៌ស​ មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើងវិញ ក្នុងល្បឿនយ៉ាងលឿន​ បានបុកចំពេញទំហឹង បណ្ដាលអោយពួកគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូ ជិត១០០ម៉ែត្រ​ ចំណែកឯស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកនឹងថ្នល់ បណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ភ្លាមនោះរថយន្តបង្កបានបន្តដំណើរបើករត់គេចខ្លួនបាត់ស្រមោល ក្នុងទិសដៅពីត្បូងមកជើង​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ ។

បច្ចុប្បន្នក្រោយពេលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង​ និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួរក្រុមគ្រួសារ​ និងប្រគល់ឲ្យដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
3ABEA035-3FFD-44DC-9CB9-0DBE38DBF6A9