ឃាត់ខ្លួនមនុស្សពាក់ព័ន្ធ៨នាក់ ប្រចាំមន្ទីរពេទ្យ វ៉ិចតូរៀ ករណីបង្ខាំងអ្នកជំងឺ ដើម្បីជំរិតទារលុយ

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចចេញលិខិតបិទ មន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការ មន្ត្រីជំនាញផ្នែកអនុវត្តច្បាប់ បានបញ្ជាក់ប្រាប់ថា មានមនុស្សយ៉ាងណាស់៨នាក់ ត្រូវឃាត់ខ្លួន ដើម្បីសាកសួរពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ជម្រិតយកប្រាក់។
ប្រភពបានបង្ហើបថា មនុស្សប្រុសស្រីទាំង៨នាក់ រួមមានលោកស្រី សៀង សុគន្ធ ដែលជាប្រធានមន្ទីរពេទ្យ វ៉ិចតូរៀ និងមនុស្ស៧នាក់ទៀតជាគ្រូពេទ្យ និងបុគ្គលិក។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌទួលគោក មន្ត្រីក្រសួងសុខាភិបាល កងកម្លាំងចម្រុះដឹកនាំ និងសម្របសម្រួល ដោយលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែ មានវត្តមាននៅទីតាំងមន្ទីរពេទ្យ វ៉ិចតូរៀ ដើម្បីចុះស៊ើបអង្កេត និងស្រាវជ្រាវ ពាក់ព័ន្ធ ករណី បង្ខាំងអ្នកជំងឺ ទារប្រាក់ ២០០០ដុល្លារ ដែលជាតម្លៃសេវា វះកាត់ ដុំគីសក្នុងស្បូតរបស់ស្ត្រីអ្នកជំងឺម្នាក់។

ទីបំផុតទៅ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។

យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា ក្រុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

យោងតាមមាត្រា២៥៣ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បុគ្គលណាដែលចាប់ ដែលឃុំឃាំង ឫដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មាន បញ្ជា ពីអាជ្ញាធរស្របច្បាប់ ឫ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ៖
១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ ពេល តិចជាង៤៨ (សែសិបប្រាំបី) ម៉ោង។
២/ ដាក់ពន្ធនាគារពី៣ (បី) ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ ពេល ចាប់ពី៤៨ (សែសិបប្រាំបី) ម៉ោង ដល់តិចជាង១ (មួយ) ខែ។
៣/ ដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរយៈ ពេល ស្មើ ឫលើសពី១ (មួយ) ខែ។

បើតាមមាត្រា២៥៤ ប្រសិនបើការឃុំឃាំងនោះមាន ទារុណកម្ម ឫ អំពើ ឃោរឃៅ បណ្តាលឱ្យ មាន មនុស្ស ស្លាប់ដោយគ្មានបំណងនឹងធ្វើឱ្យស្លាប់ និងការប្រព្រឹត្តក្នុង គោលដៅ ជំរិត យកទ្រព្យសម្បត្តិ ឫ ទាម ទារ ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ៣០ (សាមសិប) ឆ្នាំ។

ដំបូងឡើយ មន្ត្រីពាក់ព័ន្ធបានព្យាយាមអស់រយៈពេលជិត៥ម៉ោង ក្នុងការស្រាវជ្រាវនៅមន្ទីរពេទ្យ វ៉ិចតូរៀ តាមការបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ខាំងអ្នកជំងឺ ដើម្បីជំរិតទារប្រាក់ ។ ប៉ុន្តែទោះជាយ៉ាងណា ប្រធានគ្រប់គ្រងមន្ទីរពេទ្យមួយនេះ គឺលោកស្រី សៀង សុគន្ធ មិនបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ដោយទុកឲ្យស្ត្រីជាបុគ្គលិកទទួលភ្ញៀវ២នាក់ ជាអ្នកជួបក្រុមមន្ត្រី ដោយនិយាយត្រឹមថា ពួកគេអត់ដឹងរឿងអ្វីទាំងអស់។

ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យមិនព្រមសហការជាមួយមន្ត្រីជំនាញបែបនេះ អាជ្ញាធរមូលដ្ឋាន បានត្រឹមតែធ្វើកំណត់ហេតុ សាកសួរបុគ្គលិកទទួលភ្ញៀវរបស់មន្ទីពេទ្យប៉ុណ្ណោះ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ វ៉ិចតូរៀ ក៏ត្រូវគណៈគ្រប់គ្រងបញ្ជាឲ្យគេចខ្លួនតាមទ្វាក្រោយ និងទ្វាក្រោមអស់ទៅហើយ ដោយបន្សល់ទុកតែបុគ្គលិកនារីវ័យក្មេង២នាក់ឲ្យទទួលខុសត្រូវជំនួស។

សូមជម្រាបជូនថា មន្ទីរពេទ្យ វ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១អា ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវគ្រួសារអ្នកជំងឺធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ បង្ខាំងអ្នកជំងឺ ទារប្រាក់សេវា ២០០០ដុល្លារ ដែលគ្រួសារអ្នកជំងឺយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។

ទោះយ៉ាងណា ក្រុមមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអាចនឹងសម្រេចបិទទ្វាមន្ទីរពេទ្យនេះជាបណ្តោះអាសន្នសិន ព្រោះតែគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ មានចេតនាគេចវេស មិនទទួលខុសត្រូវចំពោះកំហុស និងមិនសហការជាមួយមន្ត្រីជំនាញ។
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺ ដើម្បីទារប្រាក់ ថ្លៃសេវាខ្ពស់កប់ពពក កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវនេះ ដើម្បីរកឲ្យឃើញការពិត។

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរស្រាវជ្រាវ ទាំងភាគីគណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ។

បើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញប្រចាំខណ្ឌទួលគោក បានឲ្យ ដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាលសម្រេចឲ្យបិទទ្វារ ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វើឲ្យមន្ត្រីដដែលៗ ចុះមកពិនិត្យស្រាវជ្រាវដដែលៗ។

សូមជម្រាបជូនថា រឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះ បានកើតឡើងកាលពីយប់មិញ បន្ទាប់ពីគ្រួសារអ្នកជំងឺ បានហៅអ្នកសារព័ត៌មានធ្វើសន្និសីទទាំងយប់ ដោយអះអាង ចោទប្រកាន់ថា មន្ទីរពេទ្យ វ៉ិចតូរៀ បានបង្ខាំងសាច់ញាតិ ទារប្រាក់ ថ្លៃសេវាកម្មព្យាបាល ក្នុងទឹកប្រាក់ ២០០០ដុល្លារ។ សាច់ញាតិអ្នកជំងឺ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា អ្នកជំងឺ ជាស្ត្រីមានបញ្ហាគីសក្នុងដៃស្បូន ទៅពិនិត្យនៅ មន្ទីរពេទ្យឯកជនមួយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

បន្ទាប់មក ក្រោយពីពិនិត្យរួចគ្រូពេទ្យ បានប្រាប់ថា ត្រូវតែវះកាត់ជាបន្ទាន់ បើមិនដូច្នេះទេ អ្នកជំងឺអាចនឹងស្លាប់ ។ នៅពេលវះកាត់រួចរាល់ អ្នកជំងឺបានសម្រាក នៅក្នុងមន្ទីរពេទ្យ១យប់ ក៏សុំចេញទៅផ្ទះ ដោយបង់ប្រាក់ ៦០០ដុល្លារ ប៉ុន្តែភាគីមន្ទីរពេទ្យមិនព្រម ដោយបានចេញវិក្កយបត្រ តម្លៃព្យាបាលអស់២០០០ដុល្លារ ។ ក្រោយពីនិយាយគ្នារឿងតម្លៃមិនត្រូវ មន្ទីរពេទ្យ មិនអនុញ្ញាតឲ្យភាគីអ្នកជំងឺទៅផ្ទះ ទើបក្រុមគ្រួសារអ្នកជំងឺ ហៅអ្នកកាសែតមកធ្វើសន្និសីទ នៅមុខមន្ទីរទេព្យតែម្តង ។ បន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ ទើបភាគីមន្ទីរពេទ្យ សុខចិត្តយកថ្លៃសេវាព្យាបាលត្រឹម៦០០ដុល្លារដើម្បីបញ្ចប់រឿង៕