រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» រឿង ចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ការស្រាវជ្រាវរួចមករដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីនេះ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។

សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិត នៅ ផ្លូវ លេខ ៣១៥ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា បន្ទាប់ពីខាងក្រសួងស្រាវជ្រាវរួចមក លោកបានឲ្យបិទសិន ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត។

សូមជម្រាបថា កាលពីយប់មិញស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀមានហេតុការណ៍នារី ម្នាក់បានទៅមន្ទីរពេទ្យអន្តរជាតិ វ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី ។ បន្ទាប់ពីបានពិនិត្យរួចស្រាប់ តែខាង មន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេ អាចនឹងស្លាប់ ។ ភ្លាមៗនោះនារីរងគ្រោះបាននិយាយថា ខ្លួនគ្មាន ប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀតតែបែរ ជា ខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើត្រូវតែធ្វើការវះកាត់ជា បន្ទាន់ហើយ ថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។

ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះគាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួសម្ដង១០០ដុល្លារតែករណីនេះខាង មន្ទីរពេទ្យមិនព្រមទេទាល់តែមាន៥០០ដុល្លារទៀត ។ ភ្លាមៗនោះទ្វាររបស់ មន្ទីរពេទ្យក៏ត្រូវសន្តិសុខយកច្រវាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសារ របស់គាត់ចេញឡើយ ។ ក្រោយការវះកាត់នារីរងគ្រោះបានមាន អាការៈឈឺចុកចាប់ខ្លាំងត្រូវក្រុមគ្រួសារហៅ ម៉ូតូកង់បីដឹកយកទៅ សង្គ្រោះ នៅ ឯមន្ទីរពេទ្យរដ្ឋវិញ និង ករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕