ភ្ញាក់ផ្អើលព្រោះ សាឡង់ដឹកខ្សាច់ និង ទូកអ្នកនេសាទ

ខេត្ដកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងសាឡង់បូមខ្សាច់បើកបុកទូកនេសាទបាត់ខ្លួនមនុស្សបីនាក់មិនទាន់រកឃើញ ។ ហេតុការណ៍នេះបានកើតឡើងនាវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច  ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សា ច់កណ្តាល ។

នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាឡង់ដឹកខ្សាច់ ពណ៌ បៃតងចាស់ បើកបរដោយឈ្មោះ ចាំ យុំសឺង ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិវៀតណាម  មានទីលំនៅក្នុងខេត្តតាំងថាន់បេ (ប្រទេសវៀតណាម) បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយរួមដំណើរឈ្មោះ តាំ ធី ភេទស្រី  អាយុ៣៦ឆ្នាំ មានទីលំនៅប្រទេសវៀតណាម លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងទូកនេសាទត្រី ពណ៌បៃតងលាយខៀវ បើកបរដោយឈ្មោះ ស្លេស ម៉ូសា ភេទប្រុស  អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល បើកបរក្នុងទិសដៅពីជើងទៅត្បូង រួមដំណើរ ៣នាក់ មានទី០១ឈ្មោះ យូ មៃយ៉ាន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិឃុំជាមួយគ្នាទី០២ឈ្មោះ ម៉ូ សាគីរីន ភេទប្រុស អាយុ៧ឆ្នាំ ស្ថិតនៅភូមិឃុំជាមួយគ្នា និង ទី០៣ឈ្មោះ ម៉ូ សាហារ៉ូន ភេទប្រុស អាយុ០២ឆ្នាំ នៅភូមិឃុំជាមួយគ្នា (បាត់ខ្លួនរកមិនទាន់ឃើញ)។

តាមការសន្និដ្ឋានរបស់សម្ថតកិច្ច បានឲ្យដឹងថា ជនល្មើសបើកបរសាឡង់ដឹកខ្សាច់ ដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកអធិការនគរបាលស្រុកខ្សាច់កណ្តាល៕