ដើរលេងជាមួយគ្នាបាត់១យប់ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចវៃខ្នោះ ត្រៀមបញ្ជូនទៅតុលាការ ក្រោយពេលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ពីបទ រំលោភលើក្មេងស្រី ដែលជាអនិតិជនបានសម្រេច២ដង ។ ការឃាត់ខ្លួនខាងលើនេះកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅក្នុងសាលាវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យឃាត់ខ្លួនខាងលើ ពេលនេះត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានកសាងសំណុំរឿងរួចរាល់ហើយដើម្បីត្រៀមបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ សឿន សុវណ្ណដែត អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ៧៨ ផ្លូវលេខ ៥០៨ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។ ចំណែកឯក្មេងស្រី រងគ្រោះឈ្មោះ ព.ប.ព អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ ៣២ ផ្លូវលេខ ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យនិង ក្មេងស្រី (អាយុ១៤ឆ្នាំ អនិតិជន) គឺជាសង្សានឹងគ្នា មុនពេលកើតហេតុ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ បុរសជាជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះដើរលេងបាត់ពីផ្ទះមិនឃើញមក ហើយស្ត្រីជាម្តាយក៏បានតាមរកឃើញពួកគេទាំង២នាក់នៅក្នុងសាលាខាងលើ។

យោងតាមចម្លើយសារភាពពីក្មេងស្រីរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួនអោយដឹងថា ខ្លួនត្រូវបានបុរសជាជនសង្ស័យបានធ្វើសកម្មភាពល្បួងលួងលោមនិង រំលោ ភបានសម្រេចចំនួន២ដងហើយ។
ក្រោយពីបែកធ្លាយរឿងនេះ ម្តាយក្មេងរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនបុរសដែលជាជនសង្ស័យខាងលើតែម្តង៕