សូមប្រុងប្រយ័ត្ន​!​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​រាលដាល​ដល់​ខេត្តស្វាយរៀង​ហើយ

​ស្វាយរៀង៖ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែល​បាន​រាលដាល​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ​និង​ ត្រូវ​បាន​រក​ឃើញថា​ ​បាន​ឆ្លង​ចូល​មកកាន់​ខេត្តរតនគិរី​ ​និង​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា​ ​នោះ​ ​ឥឡូវនេះ​គេ​បាន​រក​ឃើញ​វត្តមាន​ជំងឺ​នេះ​ ​នៅ​ស្រុក​ស្វាយជ្រំ​ ​នៃ​ខេត្តស្វាយរៀង​មួយទៀត​។​

​យោង​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ផ្ញើ​មកកាន់​អភិបាលខេត្ត​ស្វាយរៀង​ ​បាន​បញ្ជាក់​ថា​ ​គេ​បាន​រក​ឃើញ​វត្តមាន​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ពី​ឈាមជ្រូក​ចំនួន៣វត្ថុ​វិភាគ​ ​របស់​កសិករ​ចិញ្ចឹម​ជ្រូក​ពី​ភូមិ​ឬស្សី​ជួ​ខាងត្បូង​ ​ឃុំ​ក្រោលគោ​ ​ស្រុក​ស្វាយ​ជ្រុំ​ ​ខេត្តស្វាយរៀង​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​ស្នើ​ដល់​អភិបាលខេត្ត​ស្វាយរៀង​ ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ពង្រឹង​ទប់ស្កាត់​ចលនា​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ ​ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុងរង្វង់៣គីឡូម៉ែត្រ​ ​ដើម្បី​អនុវត្ត​វិធានការ​បសុព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ ​ភោគ​ ​វណ្ណ​ថន​ ​មេឃុំ​ក្រោលគោ​ ​បាន​ថ្លែង​ឲ្យ​ថា​ ​កាលពី​អាទិត្យមុន​ ​មាន​ក្រុមពេទ្យសត្វ​បាន​មក​បាញ់ថ្នាំ​ ​ហើយក៏​បាន​យក​ឈាម​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ​ ​ក្នុង​នោះ​ពេទ្យសត្វ​មិនទាន់​ឲ្យ​ផ្សព្វផ្សាយ​នោះ​ទេ ​។​ ​លោក​មេឃុំ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​មាន​សត្វ​ជ្រូក​ជាច្រើន​បាន​ងាប់​ជាបន្តបន្ទាប់​ ​ហើយ​មន្រ្តី​ជំនាញ​ក៏បាន​ចុះ​មក​ពិនិត្យ​នៅកន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​ហើយ ​។​

​សូម​បញ្ជាក់​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​គឺជា​ជំងឺ​កាច​សាហាវ​ ​និង​ឆ្លង​រាលដាល​ខ្លាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ​ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ ​និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់១០០ភាគរយ​ ​ដែល​អាច​បណ្តាល​ឲ្យ​មានការ​ខាតបង់​ខ្ពស់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។​ ​តែ​យ៉ាងណាក៏ដោយ​ ​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​កសិកម្ម​ថា​ ​ជំងឺ​នេះ​មិន​ប៉ះពាល់​ទៅដល់​មនុស្ស​នោះ​ទេ​៕