ហ្គារ៉ាសសាំង “សូគីមិច” ត្រូវភ្លើងឆាបឆេះម៉ត់ស្ទើរទាំងស្រុង មកពីរថយន្ដដឹកសាំង

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះហ្គាសរ៉ាសសាំង “សូគីមិច” រួមទាំងរថយន្តស៊ីទែនដឹកប្រេង១គ្រឿង ម៉ូតូ១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង និងសម្ភារៈអស់មួយចំនួនធំ តែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនបង្កអោយមានមនុស្សរងរបួស ឬស្លាប់ឡើយ។

ហេតុការណ៍អគ្គិភ័យដ៏គួរអោយរន្ធត់ និងភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៩ នៅភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមប្រភពពត៌មានបានឲ្យដឹងថា គ្រោះអគ្គីភ័យឆាបឆេះស្ថានីយ៍ប្រេងខាងលើ ផ្តើមចេញពីរថយន្តសុីទែនដឹកប្រេង របស់ស្ថានីយ៍ បូបប្រេងទម្លាក់ចូលស្តុក ហើយខណៈដែលកំពុងបូបប្រេងបញ្ចេញពីសុីទែន សង្ស័យឆ្លងម៉ូទ័រ ទើបឆាបឆេះរាលបែបនេះ។

ស្ថានភាពនៅក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន១៧គ្រឿង បាញ់អន្តរាយគមន៍ជិត១ម៉ោងទើបគ្រប់គ្រងស្ថានការបាន១០០% ហើយក៏មិនបានរាលដាលទៅដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនោះដែរ។

ចំពោះទំហំនៃការខូចខាតយ៉ាងណានោះ សមត្ថកិច្ចអាជ្ញាធរ មិនទាន់បានវាយតម្លៃនៅឡើយ រងចាំស្រាវជ្រាវបន្ថែមទៀត៕