កំពុងតែឆ្ងាញ់! ផ្អើលហាង ភ្នំពេញសាច់អាំង BBQ & Streamboat​ ភ្ញៀវមេីលមុខប្អូនស្រី​ម្ចាស់ហាងញឹកពេក

ភ្នំពេញ​ ៖ ទំនងប្រច័ណ្ឌ​ពេលភ្ញៀវមេីលមុខប្អូនស្រី​ម្ចាស់ហាងញឹកពេក ក្រុមចុងភៅនិងសន្តិសុ​ខ​ហាងលក់សាច់អាំងមួយកន្លែង នាំគ្នាទាញសោរច្រវ៉ាក់ វាយទៅលេីបុរសដែលជាភ្ញៀវម្នាក់ បែកក្បាលជាច្រេីនកន្លែង ហូរឈាមជោកខ្លួន ហេីយមានអ្នក​ក៏ចូលទៅជួយឃាត់ តែបែរជាត្រូវក្រុមចុងភៅនិងសន្តិសុខ កាន់ច្រវ៉ាក់ និងទាញកែវមកគប់ បណ្ដាលឲ្យរបួសបែកក្បាលម្នាក់​ និងរបួសស្រាល២នាក់ទៀត ភ្លាមៗនោះក្រុមចុងភៅនិងសន្តិសុខដែលបង្ក បាននាំគ្នារត់ចូលទៅក្នុងហាង​ ទេីបអ្នកគ្រប់គ្រងហាងប្រាប់អោយបុគ្គលិកទាញទ្វាបិទរួចចាក់សោរជាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់។

ហេតុការណ៍វាយគ្នាបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង០១:២០នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០១៨នេះ នៅចំណុចហាងសាច់អាំងមួយកន្លែង យីហោ​ “ភ្នំពេញសាច់អាំង BBQ & Streamboat” ស្ថិតនៅតាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​​ ។

ដី​បុរសរងគ្រោះបានរៀបរាប់ប្រាប់​​ថា រូបគាត់និងមិត្តភ័ក្តបួនប្រាំនាក់ទៀត សុទ្ធតែធ្លាប់ចូលមកផឹកសុីក្នុងហាងនេះជាច្រើនសារហើយ ព្រោះមិត្តភ័ក្តរបស់ខ្លួនម្នាក់ ក៏ជាសន្តិសុខយាមម៉ូតូហាងនោះដែរ ហេីយរាល់លេីកពួកគាត់មិនធ្លាប់មានបញ្ហាជាមួយអ្នកណានោះទេ លុះមកដល់ពេលកើតហេតុ​ រូបគេនឹងមិត្តភ័ក្តមានគ្នា៤-៥នាក់ បានចូលមក​ហូបសាច់អាំងនិងផឹកស៊ីជួបជុំគ្នាក្នុងហាងខាងលេី បានសេីចសប្បាយក្អាកក្អាយជាមួយគ្នា រហូតផឹកសុីចប់ពួកគាត់បានឲ្យបុគ្គលិកមកគិតលុយដូចរាល់ដង ​ព្រោះចង់ទៅបន្តមួយកន្លែងទៀត។

លុះពេលគិតលុយរួច ពួកគាត់បាននាំគ្នាដើរចេញទៅក្រៅ តែគ្រាន់តែដើរដល់ខាងមុខហាង ស្រាប់តែក្រុមបុគ្គលិកមានទាំងចុងភៅ​ និងសន្តិសុខនៅក្នុងហាង បាននាំគ្នាចេញមកព្រួតវាយគាត់ មានទាំងសោរច្រវ៉ាក់ និងកែវស្រា បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រេីនកន្លែង ហូរឈាមជោកខ្លួន ទេីបមិត្តភ័ក្តរបស់គាត់ ក្នុងនោះមានម្នាក់ក៏ជាសន្តិសុខហាងនោះ​ដែរ បានស្ទុះចូលមកជួយឃាត់ តែបែរជាទាស់ពាក្យសម្ដីគ្នា​ទៀត ធ្វេីឲ្យផ្ទុះហិង្សាទៅវិញទៅមក ដោយក្រុមចុងភៅនិងសន្តិសុខនោះ បានវាយទាំងមិត្តភ័ក្តគាត់ បណ្ដាលអោយរងរបួសធ្ងន់ស្រាល៤នាក់។

បន្ទាប់មកស្ត្រីរូបស្រស់ម្នាក់​ជាអ្នកគ្រប់គ្រងហាង បានចូលមកសម្របសម្រួលជាមួយអ្នករងរបួសធ្ងន់ស្រាលទាំង៤នាក់នោះ ដោយភាគីខាងជនរងគ្រោះ​ សុំទាមទារជម្ងឺចិត្ត និងថ្លៃព្យាបាលរបួស​ ព្រោះមិនចង់ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងនាំវែងឆ្ងាយទេ ទេីបស្ត្រីរូបស្រស់ជាអ្នកគ្រប់គ្រងហាង សុំសម្រួលនិងព្រមចេញថ្លៃព្យាបាលរបួស ចំនួន ៧០០$ ដោយក្នុងនោះសងជម្ងឺចិត្តទៅកាន់អ្នករបួសក្បាលធ្ងន់២នាក់ ៥០០$ (ក្នងម្នាក់២៥០$) និងនៅសល់២០០$​ សម្រាប់ថ្លៃព្យាបាលរបួស​ ទាំង៤នាក់តែម្ដង ។

ជាមួយគ្នានេះដែរ​ បុរសដែលជាសន្តិសុខរងគ្រោះ​ ក៏សុំឈប់ធ្វេីការផងដែរ​ ចំណែកអ្នកគ្រប់គ្រងហាងរូបស្រស់​សម្ដីស្រទន់រូបនោះ​ ក៏មិនបានបង្ខិតបង្ខំ ឬដាក់​លក្ខខណ្ឌ​អ្វី អោយបុរសសន្តិសុខនោះទេ គឺគាត់សុំ​ឈប់ពីការងារ​ដោយខ្លួនឯងប៉ុណ្ណោះ។

បច្ចុប្បន្នក្រោយកេីតហេតុ​ ភាគីទាំងសងខាង​ បានយល់ព្រមសម្របសម្រួលគ្នា នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន រួមទាំង​សមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ ដោយអ្នកគ្រប់គ្រងហាង សងជម្ងឺចិត្តនិងថ្លៃព្យាបាលរបួសចំនួន៧០០$ ទៅអោយភាគីជនរងគ្រោះទាំង៤នាក់នោះ​ ដេីម្បីបញ្ចប់រឿង​តែម្ដង ដោយមិនមានការប្ដឹងផ្ដល់អ្វីនោះទេ គ្រាន់តែធ្វេីកិច្ចសន្យាជាមួយគ្នាប៉ុណ្ណោះ៕​