ឃាត់ខ្លួនលោកផ្កាយ១ និង មន្ដ្រី នគរបាលចំនួន៥រូបព្រោះតែ….

ភ្នំពេញ៖ ការចាប់ឃាត់ខ្លួន មន្ដ្រី នគរបាលចំនួន៥រូប ក្នុងនោះមានឧត្តមសេនីយ៍ត្រី (ផ្កាយ១) មួយរូប ក្រៅពីនេះ មានពាក់ស័ក្ដិ៣ និងស័ក្ដិ៤ ជាដើម ជាកម្លាំងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្រសួងមហាផ្ទៃនោះ ត្រូវបានមន្ត្រីនគរបាលជាន់ខ្ពស់ប្រាប់ឱ្យដឹងពីមូលហេតុហើយ គឺមកពីពួកគេធ្វើឡើងដោយខុសច្បាប់។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលទាំង៥រូប ក្នុងនោះមានផ្កាយ១ មួយរូប ត្រូវបានចាប់ឃាត់ខ្លួននៅខណ្ឌសែនសុខ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ដោយសារតែពួកគេ ចុះទៅឆែកទំនិញក្នុងឃ្លាំងដ៏ធំមួយ គ្មានបទបញ្ជាពីថ្នាក់លើ គ្មានការដឹកនាំព្រះរាជអាជ្ញា និងពុំបានសុំកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។

មន្ដ្រីនគរបាលនៃស្នងការដ្ឋាន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមមន្ដ្រីនគរបាលដែលត្រូវបានឃាត់ខ្លួនខាងលើនេះ គឺមុនដំបូងពួកគេបានបើករថយន្ដ២គ្រឿង ទៅឈប់នៅមុខឃ្លាំងស្ដុកទំនិញដ៏ធំមួយ ស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយគោលបំណងរបស់ពួកគេ ចង់ចូលទៅឆែកឆេរ ប៉ុន្ដែសកម្មភាពទាំងនេះ ធ្វើឡើងដោយខុសច្បាប់ ដោយសារតែ ទី១- គ្មានលិខិតបេសកកម្ម និងបទបញ្ជាពីថ្នាក់ដឹកនាំរបស់ខ្លួន , ទី២- មិនមានព្រះរាជអាជ្ញាចូលរួមដឹកនាំកម្លាំង និងទី៣- កម្លាំងទាំងនេះមិនបានចូលរួមសហការ ជាមួយកម្លាំងមូលដ្ឋាននោះឡើយ។

មន្ដ្រីនគរបាលដដែលនេះ ឱ្យដឹងទៀតថា មន្ដ្រីនគរបាលចំនួន៥រូបនេះ មុនដំបូងឡើយ ពួកគេស្លៀកពាក់ស៊ីវិល ហើយចំណែកឯសម្លៀកបំពាក់ជាឯកសណ្ឋាននគរបាល ត្រូវបានដាក់នៅក្នុងរថយន្ដទាំងអស់ ប៉ុន្ដែនៅពេលយករថយន្ដ ទៅឈប់ចតមុខឃ្លាំងទំនិញ ក៏ត្រូវបានម្ចាស់ឃ្លាំងជាឧកញ៉ាម្នាក់ បានធ្វើការសួរនាំថា កម្លាំងមកពីខាងណា ? ប៉ុន្ដែពួកគេមិនប្រាប់ , សុំលេខទូរស័ព្ទក៏មិនឲ្យ ហើយអញ្ជើញឲ្យចូលក្នុងក៏មិនព្រមចូល , ហេតុដូច្នេះហើយ ទើបម្ចាស់ឃ្លាំងបានសុំអន្ដរាគមន៍ ទៅថ្នាក់លើរហូតមានការបញ្ជាឲ្យកម្លាំងតម្រួតបទបញ្ជា ចេញទៅឃាត់ខ្លួនពួកគេតែម្ដង។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា នៅពេលឃើញសកម្មភាព បែបអនាធិបតេយ្យរបស់នគរបាលមួយក្រុមនេះ ថ្នាក់ដឹកនាំក៏បានសួរនាំទៅកាន់ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុន្ដែត្រូវបានបញ្ជាក់ថា មិនស្ថិតនៅក្នុងអង្គភាពនោះឡើយ ទើបធ្វើការសួរនាំទៅលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ហើយត្រូវបានលោក អះអាងថា ពុំបានបញ្ជា និងផ្ដល់លិខិតបេសកកម្មឲ្យពួកគេនោះទេ។

បន្ទាប់ពីដឹងថា មានអន្ដរាគមន៍ពីថ្នាក់ដឹកនាំ មន្ដ្រីនគរបាលទាំងនេះ ក៏បានប្រញាប់ទាញយកឯកសណ្ឋានពីក្នុងរថយន្ដមកស្លៀកពាក់ ប៉ុន្ដែត្រូវបានកម្លាំងតម្រួតបទបញ្ជាចុះទៅចាប់ក្រៀកបាត់ទៅហើយ គឺក្រៀកចូលក្នុងរថយន្ដស៊ីរ៉ែន ដឹកចេញទៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំង៥នាក់មែន ដែលពួកគេនៅខាងផ្នែកប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឱ្យដឹងទៀតថា ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅឆែកឆេរឃ្លាំងដ៏ធំមួយកន្លែង មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗដែរហើយ មិនមានរឿងអ្វីនោះឡើយ។

បន្ទាប់ពីមានការចេញផ្សាយព័ត៌មាននៃការឃាត់ខ្លួនមន្ត្រីនគរបាលទាំង៥នាក់នោះរួចមក ក៏មានមន្ដ្រីសមត្ថកិច្ចមួយចំនួន ដែលដឹងរឿងនេះ ក៏លួចបង្ហើបប្រាប់អ្នកសារព័ត៌មានថា ទំនងជាក្រុមដដែលនេះកាលពីប៉ុន្មានខែមុន បានចុះទៅឆែកឃ្លាំងមួយនៅខណ្ឌដង្កោ ខណៈដែលទំនិញរបស់គេមិនទាន់ហួសសុពលភាពនៅឡើយ ដោយជំរិតទារលុយអស់ជិត១ម៉ឺនដុល្លារ។

អ្នកដែលបានដឹងរឿងទាំងអស់នេះ ទទូចដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ មៀច សុផាន់ណា គួររឹតបន្ដឹងពីកម្លាំងរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ចៀសវាងបង្កព្យុះភ្លៀង និងប្រព្រឹត្តិសកម្មភាពលើសពីច្បាប់ដែលកំណត់ ឬធ្វើហួសនីតិវិធីការងារ នាំឲ្យមានការការរិះគន់ ប៉ះពាល់សង្គមជាតិទាំងមូល៕