ស្ត្រីមេខ្យល់នាំនារីក្មេងៗឲ្យភ្ញៀវតាមផ្ទះសំណាក់និងសណ្ឋាគារត្រូវនគរបាលបញ្ជូនខ្លួនមកតុលាការ

ភ្នំពេញ៖ស្ត្រីម្នាក់ទៅកាន់កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៅព្រឹកថ្ងៃទី០៨ខែ កក្កដា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើសញ្ចារកម្ម ។ 

នគរបាលបានប្រាប់ឲ្យដឹងថាស្ត្រីជាជនសង្ស័យមានឈ្មោះខនចាន់ណាវីភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរត្រូវបាននគរបាលស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩។

បើតាមសមត្ថកិច្ចជំនាញស្ត្រីសង្ស័យតែងតែនាំនារីក្មេងៗទៅជូនភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ។នៅថ្ងៃឃាត់ខ្លួនស្ត្រីសង្ស័យបាននាំនារីរងគ្រោះ៥នាក់ទៅជួបជូនភ្ញៀវនៅចំណុចភោជនីយ៍ដ្ឋានឈូករ័ត្នម្ហូបខ្មែរនៅតាមបណ្តោយផ្លូវលេខ១៩៨៦សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងនៅចំណុចផ្ទះសំណាក់ស្រែផលផ្លូវបេតុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។

ទោះជាយ៉ាងណាមិនមានសេចក្តីរាយការណ៍និយាយអំពីការឃាត់ខ្លួនឬអត្តសញ្ញាណរបស់ក្រុមបុរសដែលបញ្ជាទិញសេវាផ្លូវភេទពីនារីខ្មែរក្មេងៗតាមរយៈជនសង្ស័យនោះទេ។ 

ក្រោយនាំខ្លួនយកទៅសាកសួរជនរងគ្រោះជាស្ត្រីអនីតិជនចំនួន៥នាក់ត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញចំណែកស្ត្រីឈ្មោះខនចាន់ណាវីត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប៕