ឆេះម៉ត់ខ្ទិច!បើកឡានបុករបាំងពុះចែកទ្រូងផ្លូវនិងបុកស្លាកសញ្ញាចរាចរណ៍រួចបន្ដបុកបង្គោលភ្លើង

ដោយ៖ យប់មិញ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនវ៉ាជែងបួងចង្កូូតមិនទាន់ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍២ដើមបាក់ រៀបដល់ដី និងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម ធ្វើឲ្យរថយន្ត ឆេះម៉ត់ខ្ទិចតែសំណាងល្អមិនបង្ករឲ្យនណាម្នាក់ រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទី យប់ ថ្ងៃអាទិត្យ ទី៧ ខែកក្កដាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះៗកែង និងច្រកចូលសង្កាត់ សំរោងក្រោម ក្នុងភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2C.3545 ធ្វើដំណើរតាមបណ្តោយផ្លូវ វិមានឈ្នះៗក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀត ហើយបួងចង្កូូតមកវិញមិនទាន់ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ខ្ទិចថ្មខឿនអស់ជាច្រើនដុំ និងបង្គោលស្លាក សញ្ញាចរាចរណ៏បាក់រៀបដល់ដីចំនួន២ដើម ព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម ។

ចំណែកឯរថយន្តឆេះយ៉ាសន្ធោសន្ធៅក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យមកដល់មួយគ្រឿងបាញ់ពន្លត់ឲ្យរលត់ទៅវិញតែកម្មអកុសលរថយន្តត្រូវបានឆេះម៉ត់មើលលែងយល់តែសំណាងល្អមិនបង្កឲ្យអ្នកបើកបររងរបួសនោះទេក្រោយមកក៏មានមិត្តភ័ក្តមកយកចេញពីកន្លែងកើតហេតុបាត់ ស្រមោល ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំឲ្យម្ចាស់រថយន្តចូលខ្លួួនមកដោះស្រាយតាមផ្លូវច្បាប់ ៕