ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងបញ្ជូនខ្លួន លោកស្រីថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ទៅឲ្យតុលាការ ។

ប្រភពបានបង្ហើបថា បន្ទាប់ពី លោកស្រីថៅកែហាងឈ្មោះ ហូវ ដាណេ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន និងនាំខ្លួនទៅឆែកឆេរ រកវីដេអូរដែលលោកស្រីថៅកែ លួចថត ពេលព្យាបាលអតិថិជន គឺមានអ្នកមុខអ្នកការចាំជួយអន្តរាគមន៍ ឲ្យដោះលែងលោកស្រីថៅកែវិញ ។ ប៉ុន្តែដោយសារតែសមត្ថកិច្ចជំនាញបានរកឃើញ ថា លោកស្រិីថៅកែ ហាងកែសម្ផស្ស ឈ្មោះ ហូវ ដាណេ ពិតជាបានលួចថត អតិថិជន នៅពេលព្យាបាល (ដេរប្រដាប់ភេទ) ពិតមែនទើបសមត្ថកិច្ចជំនាញ សម្រេចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនលោកស្រីទៅជូនតុលាការ សម្រេចតាមច្បាប់។

ប្រភពបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច លោកស្រី ថៅកែ បានសារភាពថា លោកស្រីពិតជាបានលួចថតវីដេអូន និងរូបភាព ជនរងគ្រោះ ជាអតិថិជនមែន និងបានទទួលស្គាល់ថា លោកស្រី ពិតជា គំរាមកហែង ទារលុយពីអតិថិជន ប្រាកដមែន ហើយបើអតិថិជនមិនប្រគល់ឲ្យទេ នឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក។

សូមជម្រាបជូនថា កម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ម្សិលមិញ រួចបាននាំខ្លួនលោកស្រី ទៅឆែកឆេរ រកវីដេអូ នៅហាងលោកស្រី ក្បែរផ្សារទួលគោក រហូតដល់កណ្តាលយប់។

បន្ទាប់ពីឆែកឆេររួច ក៏មានលេចលឺព័ត៌មាន ថា លោកស្រី ថៅកែហាង ត្រូវសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយ ប៉ុន្តែព័ត៌មាននោះមិនពិតឡើយ ពោលគឺសមត្ថកិច្ច បាននាំខ្លួនលោកស្រី យកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ជនរងគ្រោះ ដែលជាអតិថិជន បានប្តឹងលោកស្រី ហូវ ដាណេ ដោយចោទប្រកាន់ថា បានគំរាមទារប្រាក់ ចំនួន ២៨០០០ដុល្លារ ជាថ្នូរមិនបង្ហោះ វីដេអូ ដែលលោកស្រីថតជនរងគ្រោះ ពេលព្យាបាល (ដេរប្រដាប់ភែទ)។
ជនរងគ្រោះ បានទៅទទួលសេវាកម្មកែសម្ផស្សដេរប្រដាប់ភេទ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារ។

ពេលផ្តល់សេវា រួចរាល់ ស្រាប់តែ ថៅកែហាងខាងលើ ចេញវិក្កយបត្រ ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។
ពេលនោះជនរងគ្រោះ បានតវ៉ា លើសេវាផ្សេងៗ ដោយសុំត្រឹម ២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបាន ទាមទារ ៨០០០ដុល្លារ បើមិនបាន ៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូ ពេលជនរងគ្រោះទទួលសេវា (ដេរប្រដាប់ភេទ) លើបណ្តាញសង្គមហ្វេសប៊ុក ឲ្យខ្មាសគេ។

ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះ សម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យឃាត់ខ្លួន ស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តងទៅ។

គួររំលឹកថា ថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក លោកស្រី ហូវ ដាណេ ជាមេម៉ាយកូន ២ ទើបតែចូលរោងការជាមួយ សេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា ដ៍ ស្កឹមស្កៃ មួយ ក្នុង បុរី វិមាន ភ្នំពេញ កាលពីថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ ដោយមានតារាៗប្រុស និងស្រី ល្បីៗ ជាច្រើនរូបចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញប្រទេសកម្ពុជា៕