អ្នកកត់ឆ្នោតវៀតណាមនៅក្នុងកាណាសុីធីចេះសិល៍ ពេលសមត្ថកិច្ចចាប់ទៅដល់ប៉ុស្ដិ៍ចោមចៅ២បានមួយសន្ទុះ ស្រាប់តែបាត់ខ្លួនឈឹង

ភ្នំពេញ ៖ ស្ត្រីរាងវ័យចំណាស់ម្នាក់បានកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងផ្សារកាណាសុីធី ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ធ្វើការឃាត់ខ្លួននិងចាប់យកវត្ថុតាងមកកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ តែមិនបានប៉ុន្មាននាទីផង ក៏បានបាត់ខ្លួនពីក្នុងប៉ុស្ដិ៍មិនដឹងទៅណា ។

តាមប្រភពព័ត៌មានយ៉ាងច្បាស់ការមួយបានបង្ហើបប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់វ័យប្រហែល៥០ឆ្នាំ ដែលជាអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ក្នុងផ្សារកាណាសុីធី ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ រួមទាំងវត្ថុតាងសម្រាប់កត់ និងសម្ភារៈមួយចំនួន បញ្ចូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗក្រុមអ្នកសារព័ត៌មានជាច្រើនបានទៅដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីធ្វើព័ត៌មាននេះផ្សព្វផ្សាយ តែពេលមកដល់ប៉ុស្ដិ៍ ក្រុមអ្នកសារព័ត៌មានបានសាកសួរមន្ត្រីនគរបាលរបស់ប៉ុស្ដិ៍ចោមចៅទី២មានតែអ្នកឆ្លើយមិនដឹង តែមានរូបភាពយ៉ាងច្បាស់បានបញ្ចាក់ថា ស្ត្រីជាអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់នោះ បានទៅដល់ប៉ុស្ដិ៍ទៅហើយ ។

ជុំវិញករណីសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី២បានធ្វើការឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតខុសច្បាប់ខាងលើនេះ ក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមន្ត្រីនគរបាលណាម្នាក់បាននោះឡើយ ដោយសួរនាំពួកគាត់ សុទ្ធតែឆ្លើយមិនដឹង ៕