ជិះម៉ូតូឌុបគ្នាទៅបុកបង្កាន់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ចូនទៅមន្ទីពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ តែមិនស្គាល់អត្តសញ្ញាណនោះទេ ។ ដោយពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស្កុបពី ពាណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN- 9405 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះ២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា ទិសដៅពីជើងមកត្បូង រួចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ដោយសង្ស័យពួកគាត់ស្រវឹង និងបើកបរលឿនផង ក៏បានរេចង្កូតទៅទាក់បង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ រងរបួសធ្ងន់ធ្ងរទាំង២នាក់ និងត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ តែបានពាក់កណ្ដាលផ្លូវ មានជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់នៅលើរថយន្ត រីឯមនុស្សម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រង់ចាំដោះស្រាយតាមក្រោយ ៕