តុលាការ​​ខេត្តកំពង់ចាម​ សម្រេចដាក់គុក បុរសដែលបង្ហោះ​រូបភាព​បង្អួត​កាំភ្លើង​គេ

​កំពង់ចាម៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​ ជនសង្ស័យ​ឈ្មោះ​ឃ្លី​ វណ្ណ:​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​​ភូមិ​១​ ផ្លូវ​១៤៣​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជ​ធានី​ភ្នំពេញ​ មានមុខ​របរ​ទិញ​លក់​និង​បើក​កន្លែង​លាង​រថយន្ត​នៅ​ខណ្ឌចំការមន​ ត្រូវ​បាន​លោក​ នៅ​ យ៉ា​រ័​ត្ន​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ ចេញ​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន​ នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ៖​ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ តាម​មាត្រា​២០​ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ និង​គ្រាប់​រំ​សៀវ​ និង​តាម​មាត្រា​៤៥​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​សូម​រំឭក​ថា​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បាន​ឃាត់ខ្លួន​បុរស​ អាយុ​២៧​ឆ្នាំ​ បើកបរ​រថយន្ត​ឡង់​រ៉ូ​វ៉ែ​ មួយ​គ្រឿង​ ដែល​មាន​អាវុធ​២​ដើម​ ជាមួយនឹង​បង់​គ្រាប់​ផង​ដែរ​។​

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ការ​ឃាត់ខ្លួន​នេះ​ គឺ​នៅ​ក្រោយ​បទបញ្ជា​របស់​ លោកអភិបាល​ នៃ​គណ:​អភិបាលខេត្ត​ កំពង់ចាម​ ឲ្យ​តាម​ឆែកឆេរ​រក​អត្តសញ្ញាណ​របស់​បុរស​ម្នាក់​ ដែល​មាន​គណនេយ្យ​ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ (Kongkia​ VS)​ ដែល​បាន​បង្ហោះ​រូបភាព​ បង្អួត​កាំភ្លើង​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ លើ​តា​ប្លូ​ រថយន្ត​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ថ្លែង​ថា​លោក​បាន​ចេញ​បទបញ្ជា​ ដល់​ជំនាញ​ ពាក់ព័ន្ធ​ ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល​នេះ​ ព្រមទាំង​បញ្ជា​ឲ្យ​អធិការ​ស្រុក​-​ក្រុង​ទាំង​១០​ កំណត់​គោល​ ដៅ​ស្វែងរក​ជា​បន្ទាន់​ ។​

​ជនសង្ស័យ​ឈ្មោះ​ឃ្លី​ វណ្ណ:​ បើករថយន្ត​ ឡែ​ន​រ៉ូ​វែ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-3399​ ត្រូវ​បាន​ឃាត់​ សាកសួរ​នៅ​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​វត្ត​ត្រពាំង​ព្រះ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​គ្រា​ដែល​ជិះ​រថយន្ត​ពី​ភ្នំពេញ​ មក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​ព្រៃ​ទទឹង​ ខេត្តកំពង់ចាម​។​ ជនសង្ស័យ​មាន​ទីលំនៅ​នៅ​ភូមិ​១​ ផ្លូវ​១៤៣​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជ​ធានី​ភ្នំពេញ​មានមុខ​របរ​ទិញ​លក់​និង​បើក​កន្លែង​លាង​រថយន្ត​នៅ​ខណ្ឌចំការមន​ ប៉ុន្តែ​ឈ្មោះ​នេះ​ បាន​និយាយ​ កុហក​សមត្ថកិច្ច​ថា​គាត់​មានមុខ​របរ​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ ផ្នែក​ស៊ី​វិល​ ខាង​ស៊ើបអង្កេត​។​

​ក្រោយ​ការ​ឆែកឆេរ​របស់​សមត្ថកិច្ច​លើ​ រថយន្ត​ម៉ាក​ឡង់​រ៉ូ​វ៉ែ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 2U-0199​ សមត្ថកិច្ច​ បាន​រក​ឃើញ​មាន​អាវុធ​២​ដើម​ អាកា​ស្វាយ​វែង​ ០១​ដើម​ លេខ​ ៤៣៦២​ បង់​មួយ​គ្រាប់​គ្មាន​,​ អាវុធ​ខ្លី​០១​ដើម​ ម៉ាក​pak​ លេខ​ ០៨១៦.០០១០៤៨​ បង់​០១​ គ្រាប់​០៦​។​

​អាវុធ​ទាំងនេះ​ មិន​មាន​លិខិត​សម្គាល់​ណាមួយ​បាន​អះ​ អាង​ថា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឃ្លី​ វណ្ណ:​នោះ​ឡើយ​ ប៉ុន្តែ​ជនសង្ស័យ​អះអាង​ថា​ គឺជារ​បស់បង​ឈ្មោះ​ ហាក់​ ប៉េង​ឃី​ម​ អាយុ​៣៤​ឆ្នាំ​ ទី​លំ​ នៅ​ភូមិ​ឃុំ​ ជាមួយ​គ្នា​ និង​មាន​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​។​

​យោង​តាម​របាយ​ ការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ អាវុធ​អាកា​ស្វ័​យ​វែង​ គឺ​ជនសង្ស័យ​នេះ​ បាន​ខ្ចី​ពី​មិត្តភក្តិ​ ឈ្មោះ​លី​គ័ង​ ច្រឹង​ ដែល​មានមុខ​របរ​ធ្វើការ​នៅ​កាស៊ីណូ​ក្រុងព្រះសីហនុ​។​ ចំណែក​អាវុធ​ខ្លី​ គឺ​ជនសង្ស័យ​បាន​ខ្ចី​ពី​ មិន​ភក្តិ​ ឈ្មោះ​ឃេ​ វិ​នតា​វ​ ដែល​ជា​អ្នក​រកស៊ី​ម្នាក់​នៅ​អូរ​ឡាំ​ពិ​ក​ នៃ​ខណ្ឌចំការមន​។​

​ជនសង្ស័យ​ក្រោយមក​បាន​សារភាព​ថា​គាត់​បាន​ខ្ចី​អាវុធ​ពី​មិត្តភក្តិ​មក​ទុក​ក្នុង​រថយន្ត​ដើម្បី​ទុក​ការពារ​ខ្លួន​ពេល​មក​ការ​ប្អូន​ខាង​ប្រពន្ធ​នៅ​កំពង់ចាម​។​ ជនសង្ស័យ​លី​ វណ្ណ:​ ត្រូវ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ក្នុង​ទឹក​ ម៉ូត​ និង​រក​ឃើញ​ថា​មាន​សារធាតុ​គ្រឿងញៀន​ថែម​ទៀត​៕