ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាលឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​បាក់ដង​កាំបិទ​ខាងឆ្វេង និង​ម្នាក់​ទៀត​របួសស្រាល ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៧ តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​FTR ពណ៌​លឿង គ្នាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ជ្រុល​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ូ​ម​មរ ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-0168 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​បញ្ច្រាស់​ទិស​គ្នា បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​FTR​រង​របួសស្រាល និង​ម្ចាស់​ម៉ូតូ​ស៊ូ​ម​មរ រងរបួស​បាក់ដង​កាំបិទ​ខាងឆ្វេង រីឯ​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង​។​
​ ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រង​បួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​
Untitled-1

Untitled-2