តុលាការសម្រេចប្រកាសសាលក្រមរឹបអូសគ្រឿងញៀនជាង១០គីឡូ បុរសចិន២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ គ្រឿងញៀនប្រភេទគ្រាប់ អ៊ិចស្តាហ្ស៊ី ជាង ១០គីឡូ ត្រូវតុលាការប្រកាសក្រម រឹបអូស ទុកបំផ្លាញចោល។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបើកសវនាការមុនអង្គសេចក្តី លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានី បានប្រកាសសាលក្រមសម្រេច រឹបអូសយក គ្រឿងញៀន ប្រភេទ អ៊ិចស្តាហ្ស៊ី (MD និង MA) ចំនួន ១០០៨,៣៧ក្រាម (ជាង ១០គីឡូ) ដែលសមត្ថកិច្ច ដកហូតបាន ពីជនជាប់ចោទ ជាជនជាតិចិន ២នាក់ ទុកបំផ្លាញចោល។

នៅក្នុងសវនាការ មុនអង្គសេចក្តី នេះ ជនជាប់ចោទឈ្មោះ Lin chin chai ភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai kuan yu ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបដិសេធ ថា គ្រឿងញៀន ទាំងអស់នោះមិនមែន ជារបស់ពួកគេនោះទេ។ គ្រឿងញៀនទាំងអស់នោះ ជារបស់ឈ្មោះ Daniva ផ្ញើមកពីប្រទេស អាឡឺម៉ង់ ប្រាប់ឲ្យពួកគេទៅទទួល តែពួកគេអត់ដឹងថា វាជាគ្រឿងញៀននោះទេ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨នៅ ប៉ុស្តិ៍ប្រៃសណីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅពេលឃាត់ខ្លួន ជនជាប់ចោទ ឈ្មោះ Lin chin chai សមត្ថកិច្ច បានរកឃើញ គ្រឿងញៀន ចំនួន ១០០៨,៣៧ក្រាម ច្រកក្នុង កេសបិតជិត។ ក្រោយឃាត់ខ្លួន ជនជាប់ចោទ ឈ្មោះ Lin chin chai បានអះអាង ថា ខ្លួនទៅទទួល ឥវ៉ាន់នោះ ជំនួស ជនជាប់ចោទឈ្មោះ Lai kuan yu ក្រោយមកទើបសមត្ថកិច្ចឈានដល់ ការឃាត់ខ្លួន ជនជាប់ចោទឈ្មោះ Lai kuan yu ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕