ទីតាំងអ៊ីនធឺណេតយីហោ 7DAYs NET ភ្នាល់បាល់ ដំណើរការយ៉ាងរលូន មិនរំខានអាជ្ញាធរ និងសមត្ថកិច្ច

ភ្នំពេញ៖ ស្របពេលដែលលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យ មន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ បែរជាមន្ត្រីមូលដ្ឋានខណ្ឌចំការមន មិនខ្វល់ចំពោះការបង្ក្រាបនោះទេ។ ជាក់ស្តែងហាង ទីតាំងខាងលើនេះស្ថិតនៅអ៊ីនធឺណេតយីហោ 7DAYs NET តាមបណោយផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកដំណើរកើបលុយពីក្រុមអ្នកញៀនល្បែងចាក់បាល់ យ៉ាងរំភើយ ។

ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះបើកដំណើរការបានយ៉ាងរលូនបែបនេះដោយសារតែមានការត្រូវបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការចុះបង្ក្រាបទេ ព្រោះមានផលប្រយោជន៍ផ្ទាល់ខ្លួន ។ ពាក់ព័ន្ធករណីមានប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងខាងលើនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋានបានទេ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរ ទីតាំងល្បែរស៊ីសងខាងលើបាននិយាយថា រាល់ថ្ងៃពួកគាត់បានសង្កេតឃើញ ក្រុមយុវវ័យ សិស្សសាលា និងបុគ្គលិកក្រុមហ៊ុនផ្សេងៗ ចូលទៅក្នុងហាងខាងលើបន្តកន្ទុយគ្នា ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរថ្នាក់លើ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត ដែលជាស្នងការទើបឡើងកាន់តំណែងថ្មី និងមិនអោបដៃឈមើល ទីតាំងល្បែងស៊ីសងទាំងអស់នេះទេ ព្រោះលោកស្នងការផ្ទាល់ក៏ធ្លាប់បានបង្ហោះសារលើហ្វេសប៊ុកដែរថា ល្បែងស៊ីសង ជាប្រភពដែលបង្កើតអំពើចោរកម្ម។

សូមជម្រាបជូនថា សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ និងលោកឧត្តមសេនីយ៍សុទ្ធតែធ្លាប់បានចេញ បទបញ្ជា ឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់។

មហាជននឹងរងចាំមើលថា តើអាជ្ញាធរ អាចហ៊ានចុះទៅបង្ក្រាប ទីតាំងអ៊ីនធឺណេតយីហោ 7DAYs NET តាមបណោយផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ខាងលើនេះ បានដែរឬទេ?