ព្រះរាជអាជ្ញារង សាយ ណូរ៉ា ដោះលែងតៃកុងរថយន្តធំបើកចូលក្រុងទាំងថ្ងៃហើយកិនសិស្សស្រីម្នាក់ស្លាប់

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីបើករថយន្តធន់ធំ កិនមនុស្សស្លាប់ បុរសជាតៃកុង ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពវិញ ព្រោះតែមិនមានកំហុស។

បើយោងតាមសមត្ថកិច្ច បុរសជាតៃកុងរថយន្តមានឈ្មោះ ទាម តាម អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសិរីសុខា ឃុំដាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ២នាក់ ទី១ឈ្មោះ ឈ្មោះ បាន ស្រីអូន ភេទស្រី អាយុ ១៥ឆ្នាំ (ស្លាប់) ជិះពីក្រោយ និងទី២ឈ្មោះ។ហង្ស ស្រីពេជ្រ ភេទស្រី អាយុ ១៤ឆ្នាំ ជាអ្នកបកបរ (របួសបន្តិចបន្តួច) ជនរងគ្រោះទាំង ២នាក់ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យអារុណវត្តី មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែល លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា សម្រេច ដោះលែងបុរស ជាតៃកុងរថយន្តធន់ធំ ដែលបើចូលក្រុងភ្នំពេញ កិនមនុស្សស្លាប់នោះ ព្រោះតែជនរងគ្រោះ ដែលស្លាប់ជាអ្នកខុស ដែលបើកបរមិនទាន់គ្រប់អាយុ និងជិះម៉ូតូដួល ឲ្យឡានកិន។ ម្យ៉ាង ទៀតដោយសារតែក្រុមគ្រួសារជនរងគ្រោះ បានទទួលសំណងពី តៃកុងរថយន្ត និងសុំដកពាក្យបណ្តឹងវិញ។

សូមជម្រាបជូនថា យោងតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ គឺបានដាក់បំរាមយ៉ាងម៉ឺងម៉ាត់ ហាមមិនឲ្យរថយន្តធន់ធំ ចូលក្នុូងរាជធានៅពេលថ្ងៃនោះទេ ព្រោះខ្លាចរថយន្តទាំងអស់នោះបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែជារៀងរាល់ថ្ងៃ គេសង្កេតឃើញថា រថយន្តធន់ធំ បានបើកចូលក្រុង យ៉ាងរំភើយ ទាំង២៤ម៉ោង កិនមនុស្សស្លាប់ ហើយជាកំហុសរបស់អ្នកស្លាប់ទៅទៀត។

គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ លើបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង ២នាក់ បានជិះម៉ូតូ ១គ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7029 ឌុបគ្នាបំណងទៅសាលារៀន ក្នុងទិសដៅពីលិចទៅកើត ស្របទិសជាមួយរថយន្តធំ យីឌុប ពាក់ស្លាកលេខ បាត់ដំបង 3A-1494 ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះបានជែងរ៉ឺម៉កទៅមុន តែចៃដន្យអាក្រក់បណ្តាលឱ្យទាក់ដៃចង្កូតដួល ស្របពេលដែលរថយន្តជាប្រភេទរថយន្ត មកពីខាងក្រោយ ក៏កិនកិនចំក្មេងស្រី ស្លាប់ម្នាក់ភ្លាមៗតែម្តង៕