មេធាវីលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងដែនដីធ្វើការបកស្រាយព័ត៌មានជាសាធារណៈ

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនតូចក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុកនានាបានបង្ហោះព័ត៌មានថា លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ថា បានធ្វើប្លង់រំលោភយកដី របស់ឈ្មោះ មាស សុផាត(ហៅ កុយ) ដែលមានទីតាំងនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាពេលថ្មីៗកន្លងមកនេះមេធាវីរបស់លោក កើត សារ៉េត បានធ្វើការបកស្រាយតាមផ្លូវច្បាប់ក្នុងគោលបំណងការពារកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល(កើត សារ៉េត)ថា គាត់មិនមែនជាអ្នកប្រព្រឹត្ដិអំពើថោកទាបដូចបុគ្គលឈ្មោះ មាស សុផាត ហៅ កុយ ដើរស្រែកតាមបណ្ដាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំឡើយ ។

ផ្ទុយទៅវិញគឺឈ្មោះ មាស សុផាត ហៅ កុយ ទៅវិញទេជាបុគ្គលខិលខូចដែលលោក កើត សារ៉េត បានហៅមកស្នាក់នៅឲ្យចាំដី ហើយគាត់បែរជាមានគំនិតទុច្ចរិតចង់បានដីអ្នកដ៏ទៃមកធ្វើជាកម្មសិទ្ធិខ្លួនឯងដោយគ្មានឯកសារ សំអាងជាភស្ដុតាងអ្វីបន្ដិតសោះ។ ហេតុនេះហើយទើបបានជាតុលាការគ្រប់ជាន់ថ្នាក់សម្រេចសេចក្ដីដោយផ្អែកលើ អង្គហេតុ និង អង្គច្បាប់ រួមជាមួយភស្ដុតាងនានាដែលបញ្ជាក់ថា បុគ្គលឈ្មោះ មាស សុផាត(ហៅ កុយ) គឺមិនមែនជាម្ចាស់ដីពិតប្រាកដឡើយ ទើបតុលាការកំណត់ឲ្យឈ្មោះ មាស សុផាត ចាញ់ក្ដីតាមអំណាចសាលដីកា ជាបន្ដបន្ទាប់ ។

ក្រុមមេធាវីរបស់លោក កើត សារ៉េត បានលើកឡើងបន្ដថា មុនពេលដែលមន្ដ្រីសូរិយោដីចេញប្លង់កម្មសិទ្ធិដីជូនឈ្មោះ កើត សារ៉េត គឺមន្ដ្រីជំនាញបានចុះទៅវាស់វែងអង្កេតក្បាលដីច្បាស់លាស់ដោយមានកំណត់ហេតុវាស់វែងជាភស្ដុតាងមុនពេលមន្ដ្រីជំនាញសម្រេចចុះបញ្ជីដីធ្លីជូនម្ចាស់ដីម្នាក់ៗដូចជាលោក កើត សារ៉េត ជាដើមគឺ មិនមែនធ្វើឡើងដោយរូបភាពផ្សេងៗដូចការចោទប្រកាន់របស់ឈ្មោះមាស សុផាត ហៅកុយ ដែលបានដើរបរិហារកេរិ៍្ដអ្នកដ៏ទៃ ដោយគ្មានហេតុផល និង ភស្ដុតាងច្បាស់លាស់ឡើយ ។ ជាមួយបញ្ហានេះផងដែរក្រុមមេធាវីរបស់លោក កើត សារ៉េត បានលើកឡើងថា បើសិនជាឈ្មោះ មាស សុផាត និងបណ្ដាញអ្នកសារព័ត៌មានមួយចំនួនមិនធ្វើការបកស្រាយបំភ្លឺឡើងវិញតាមការពិតទេគឺ បុគ្គលទាំងនោះអាចប្រឈមមុខនិងផ្លូវច្បាប់ពីបទ បរិហារកេរិ៍្ដជាសារធារណៈ ។

៦ចំណុចខាងក្រោមនេះគឺជា ហេតុផលទាំងឡាយដែលបញ្ជាក់ថា ឈ្មោះមាស សុផាត ហៅ កុយ មិនមែនជាម្ចាស់ដីដូចការទាមទារឡើយ
១.មូលហេតុដែលបណ្តាលជួប ឈ្មោះ មាស សុផាត (ហៅ កុយ) នៅខែតុលា ឆ្នាំ១៩៩២ គឺជាពេលដែលខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញជាលើកទី២ តាមរយៈការណែនាំរបស់ បងជីដូនមួយខ្ញុំម្នាក់ឈ្មោះ សុខ ឃីម អោយបានជួបឈ្មោះ មាស សុផាត (ហៅកុយ) នេះ។ ២. មូលហេតុដែលជួយអោយឈ្មោះ មាស សុផាត មករស់នៅលើដី នៅពេលនោះ ស្ថានភាពជីវភាពគ្រួសាររបស់ឈ្មោះ មាស សុផាត មានភាពលំបាកវេទនាយ៉ាងខ្លាំង ដោយគាត់បាន អះអាងថា គាត់ត្រូវបានចោរប្លន់ កាលពីប៉ុន្មានខែកន្លងមក គឺគាត់នៅសល់តែម៉ូតូពណ៌ព្រីងទុំចាស់ មួយគ្រឿងធ្វើដំណើរ តែប៉ុណ្ណោះ ។ នៅពេលនោះ គាត់បានមករស់នៅទីក្រុងភ្នំពេញ ជាមួយប្រពន្ធរបស់គាត់ដែលមានផ្ទៃពោះ ដោយបានមកស្នាក់នៅ ផ្ទះរបស់គ្រួសារម្តាយធម៌របស់គាត់ជាបណ្តោះអាសន្ន។ ដោយមូលហេតុថា គាត់ពុំអាចរបស់នៅស្រុកកំណើតបានតទៅ ទៀតឡើយ ហើយការប្រកបរបរចិញ្ចឹមជីវិតរបស់ឈ្មោះ មាស សុផាត គឺទៅរៀនភាសា និងរត់ម៉ូតូឌុបជាបណ្តោះអាសន្ន ទំរាំអាចដោះស្រាយ រកន្លែងស្នាក់នៅបាន។ ហើយគាត់ក៏បានសុំអង្វរ អោយខ្ញុំជួយយកអាសារគាត់ មួយរយៈពេលខ្ញុំ បានឆ្លើយតបទៅ ឈ្មោះ មាស សុផាត វិញថា ចាំខ្ញុំគិតរិះរកវិធី ដើម្បីជួយគាត់ដោយនៅពេលនោះ ខ្ញុំពុំទាន់មានទីតាំង ស្នាក់នៅឡើយទេ។ ខ្ញុំបាទបានស្នាក់នៅផ្ទះរបស់បងជីដូនមួយ ឈ្មោះ សុខ ឃីម និងស្នាក់នៅសណ្ឋារគារ ជារៀងរាល់ ថ្ងៃ។ ហើយឈ្មោះ មាស សុផាត (ហៅកុយ) ដែលជាដើមចោទ តែងតែមករកខ្ញុំដើម្បីឱ្យជួយយកអាសារគាត់ជានិច្ច។ ៣. មូលហេតុដែលនាំឱ្យខ្ញុំទិញដីនៅលើទីតាំង ដែលចុងចម្លើយបានប្តឹងខ្ញុំ សុំគ្រប់គ្រងកាន់កាប់ដីនេះ ដោយឈ្មោះ មាស សុផាត (ហៅកុយ) ត្រូវជាប់ជាញ្ញាតិជាក្មួយជីទួតមួយ គាត់ត្រូវជាកូនរបស់បងស្រីជីដូនមួយខាងម្តាយខ្ញុំ ថែមទាំងក្តីអាណិតអាសូរដល់ពិការភាព និងទទួលរងគ្រោះពីការប្លន់ផង ខ្ញុំបាទបានសម្រេចចិត្តថាគួរតែបង្កើតអាជីវកម្មនិងទីតាំងស្នាក់នៅមួយជូនគាត់មួយរយៈសិន ដូចជាការចិញ្ចឹមសត្វនិងដាំដំណាំបន្លែ ដើម្បីអាចមានលទ្ធភាពចិញ្ចឹមជីវិតរស់ប្រចាំថ្ងៃ។ នៅចុងឆ្នាំ១៩៩២ ខ្ញុំបាទបានសម្រេចចិត្តទិញដីនៅត្រង់ទីតាំងខាងលើ ដោយចំណាយទឹកប្រាក់អស់ចំនួន៤០ដំឡឹង (មាសកាណាឌីយ៉ា)ដោយពុំទិញដី និងផ្ទះ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ រួមជាមួយដីនៅម្តុំរោងចក្រស្រាបៀរថៃហ្គ័រទេ ដែលមានតម្លៃថោកជាងទីតាំងខាងលើទៀត។ ៤. លក្ខខណ្ឌនៃការស្នាក់នៅលើទីតាំងដីដែលខ្ញុំបានទិញ ឈ្មោះ មាស សុផាត (ហៅកុយ) បានសន្យាថាជួយមើលដីឱ្យខ្ញុំ ដោយគ្រាន់តែឱ្យខ្ញុំជួយចិញ្ចឹមគាត់ថ្លៃម្ហូម និងមាន ខ្ទមមួយសម្រាប់ជ្រកកោនពេលភ្លៀងតែប៉ុណ្ណោះ។ ដោយយោងតាមសក្តានុពលនៃទីតាំងដីខាងលើ អាចរកថវិកាបានយ៉ាងស្រួល និងយល់ឃើញថាដើមចោទ ពុំមាន មហិច្ចតា អាក្រក់ ដូចពេលឥលូវនេះ ខ្ញុំបានចំណាយថវិកាបន្ថែមទៀត សម្រាប់ធ្វើផ្ទះមួយដែលចំណាយទឹកប្រាក់អស់ ៤,០០០ ដុល្លារ។ តាមការចំណាយថវិកា និងមានការជួយមើលត្រួតពិនិត្យ ក្នុងការសាងសង់ របស់ឈ្មោះ មាស សុផាត (ហៅកុយ) និងប្អូនរបស់បងស្រីម្នាក់រស់នៅជិតគ្នា ។ បន្ទាប់មក ខ្ញុំបានចំណាយថវិកាក្នុងការទិញត្រី ចិញ្ចឹមនៅក្នុងស្រះដែលមានស្រាប់ និងទិញទា ដើម្បីចិញ្ចឹមនៅលើ ទំនប់ ទិញពាងធ្វើទឹកត្រី និងធ្វើប្រហុក ចំនួនសែសិបពាង ទិញមាន់ មេជ្រូក ជីកអណ្តូង ធ្វើរោងសម្រាប់ធ្វើចំណីត្រីមាន ខ្ទះធំៗ ជាបន្តបន្ទាប់។ ៥. រឿងហេតុនៃការទិញដីពីម្ចាស់ដី ខ្ញុំបាទបានទិញដីពីឈ្មោះ អ៊ុន អយ គាត់គឺជាម្ចាស់កម្មសិទ្ធដីនៃទីតាំងខាងលើ។ អ្នកលក់ដីបានគូសបញ្ជាក់ប្រាប់ ខ្ញុំថាក្បាលនេះជាប់ថ្នល់ជាតិលេខ៥ ហើយកន្ទុយដល់បឹង មានទំហំប្រហែលជាជាង៤ហិចតា និងបានបញ្ចាក់ប្រាប់ខ្ញុំទៀត ថាឈូកដល់ទីណា ដីដល់ទីនោះ នៅពេលចង់បានប្លង់បន្ថែមគឺត្រូវកែច្នៃ ដីអោយទៅជាស្រះ ឬដាំដំណាំ ដែលនៅពេល នោះមានដើមឈូកស្រាប់ដោយឱ្យយកទៅថែរក្សា ចាំដល់ពេលដែលរដ្ឋអំណាច កំណត់ថាមាត់បឹង គឺពុំមានអ្នករស់នៅក្រោយកន្ទុយដីនេះឡើយ។ នៅឆ្នាំ១៩៩៦ ក្រោយពីខ្ញុំបានទៅរស់នៅលើដីជាប់លាប់ ខ្ញុំបានធ្វើប្លង់ដី ហើយបន្ទាប់មក ខ្ញុំបានចំណាយថវិកាអស់ជាង ១ម៉ឺនដុល្លារដើម្បីជីកស្រះបន្ថែមបន្តទៀតនៅឆ្នាំ១៩៩៨ ក្នុងន័យជួយឲ្យឈ្មោះ មាស សុផាត (ហៅកុយ) ពង្រីកចំណូលបន្ថែមដើម្បីជីវភាពធូរធារ តែផ្ទុយទៅវិញ បែរជាចង់បានដីទាំងមូលដោយគ្មានការអៀនខ្មាស់ ។ នៅឆ្នាំ២០០៣ ខ្ញុំបានបញ្ជូនគ្រឿងចក្រមួយចំនួន មានដូចជា អេស្កាវ៉ាទ័រ ចំនួន ៣គ្រឿង អាប៊ុលឈួសដីចំនួន ១គ្រឿង ដើម្បីអោយទៅជីកស្រះនៅខាងក្រោយបន្ថែមទៀត។ កំឡុងពេលនោះ ឈ្មោះមាស សុផាត (ហៅកុយ) បានយកថវិការដែលចំណេញ់ពីអាជីវកម្មបន្តិចបន្ទួចកន្លងមក យកទៅប្រើប្រាស់ក្នុងការជីកស្រះនេះបន្ថែម ។ ការចិញ្ចឹមជីវិតថ្លៃម្ហូបអាហារ ដំបូងជិត ២ឆ្នាំគឺជាបន្ទុករបស់ខ្ញុំទាំងអស់។ ពេលនោះខ្ញុំបាទធ្លាប់បានសាងសង់ផ្ទះនៅ លើដីរបស់ខ្ញុំបាទដែរ ហើយបានរៀបកម្មវិធីឡើងផ្ទះ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុក ប៉ុនឈឿននិងលោក ជំទាវ ព្រមទាំងមេភូមិ ក៏បានអញ្ជើញមកដែរ។ ភោគផលចំណេញ់ដែលបានមកពី ការធ្វើអាជីវកម្មនៃការចិញ្ចឹមសត្វ គឺមានចំណែក ដូចពាក្យបណ្តឹងរបស់ដើមចោទ ត្រង់លក្ខខណ្ឌនៃចំណែកក្នុងការធ្វើអាជីវកម្មតែប៉ុណ្ណោះ (ពុំមែនកម្មសិទ្ធដីទេ)។ ៦.ការកម្ចីប្រាក់ពីធានាគារកាណាឌីយ៉ា នៅលើដីខាងលើ ។

នៅឆ្នាំ២០១០ ដោយខ្ញុំបាទឈ្មោះ កើត សារ៉េត មានបញ្ហាហិរញ្ញវត្ថុ ត្រូវការថវិកាចំបាច់ ដើម្បីយកទៅប្រើប្រាស់បង្វិល។ ខ្ញុំបាទបានសម្រេចចិត្តយកប្លង់ដីនៅទីតាំងខាងលើដាក់បញ្ចាំនៅធានាគារកាណាឌីយ៉ា និងទទួលបានការឯកភាពព្រមផ្តល់កម្ចី ពីលោកអគ្គនាយកធានាគារកាណាឌីយ៉ា គឺលោក ពុង ឃាវសែ ដែលបានធ្វើនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១០។ សរុបមកតបតាមខ្លឹមសារខាងលើ ក្នុងកំឡុងនោះឈ្មោះ មាស សុផាត (ហៅកុយ) ជាអតីតយោធិន ពិការភាព (ពិការជើងម្ខាង)និងក្រុមគ្រួសារ ដែលបានជួបហេតុការណ៍អាក្រក់ ត្រូវចោរប្លន់អស់ទ្រព្យសម្បត្តិពីខ្លួនទាំងស្រុង រស់នៅស្ថិតក្នុងភាពលំបាកវេទនាយ៉ាងខ្លាំងបំផុត។ បន្ទាប់ពីមានការអាណិតអាសូរពីខ្ញុំ និងក្រុមគ្រួសារ បានចំណាយថវិកាផ្ទាល់ខ្លួន ដោយផ្តល់ទុនចិញ្ចឹមសត្វ ជីកស្រះធំៗចិញ្ចឹមត្រី និងសង់ផ្ទះសម្រាប់ជ្រក លើដីខ្ញុំបាទ ដើម្បីជួយសម្រាលជីវភាពគ្រួសាររបស់គាត់។ ខ្ញុំបាទ កើត សារ៉េត សូមប្រកាសជាសាធារណៈថា ខ្ញុំបាទពុំមានគំនិតមិនល្អ លួចយកដីពីឈ្មោះ មាស សុផាត (ហៅកុយ) ឬធ្វើប្លង់ដូចការចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញខ្ញុំបាទបានចូលរួមអនុវត្តទៅតាមនីតិវិធីរបស់ជំនាញសូរិយោដី នៃការធ្វើប័ណ្ណកម្មសិទ្ធ ។ លើសពីនេះទៅទៀត ខ្ញុំបាទសូមសំណូមពរឱ្យមហាជនយល់ពីសាច់រឿងពិតប្រាកដថា ខ្ញុំបាទពិតជាម្ចាស់ដីស្របច្បាប់ពិតមែន ដោយយោងតាមឯកសារផ្លូវច្បាប់ជាច្រើនជម្រាបជូនដល់សាធារណៈជន ចំណែកឯឈ្មោះ មាស សុផាត (ហៅកុយ) គ្រាន់តែជាអ្នកចាំដីតែ ប៉ុណ្ណោះ តែមានបំណងគ្រប់គ្រងដីនេះរហូតមានការប្តឹងផ្តល់គ្នាជាង ១០ឆ្នាំ មកនេះ។ ខ្ញុំបាទបានឈ្នះក្តីគ្រប់តុលាការគ្រប់ជាន់ថ្នាក់ រហូតមកដល់តុលការកំពូលបានកាត់ក្តីឱ្យខ្ញុំឈ្នះបញ្ចប់ជាស្ថាពរ ថែមទាំងមានរូបមន្តអនុវត្តទៀត។ ផ្ទុយទៅវិញ ចំពោះលោក មាស សុផាត (ហៅកុយ) វិញ គឺមិនបានសុខចិត្តទេ ថែមទាំងបានដាក់ពាក្យបណ្តឹងស្នើសុំជំនុំជំរះក្តីសារជាថ្មីទៅតុលាការកំពូលម្តងទៀត ប៉ុន្តែតុលាការកំពូលបានច្រានពាក្យបណ្តឹងនោះចោល។

សូមបញ្ជាក់ថា ចេតនារបស់ឈ្មោះ មាស សុផាត ហៅកុយ ដើរស្រែករកយុត្ដិធម៌ក្រៅប្រព័ន្ធច្បាប់គឺជា រូបភាពបំពុលបរិយាកាសសង្គមតែប៉ុណ្ណោះហើយវប្បធម៌នេះគួរតែឈប់ប្រើទៅ ដើម្បីជាការចូលរួមលើកកម្ពស់ច្បាប់ទម្លាប់ដែលប្រទេសយើងមានច្បាប់គ្រប់គ្រាន់សម្រាប់ឲ្យពលរដ្ឋគ្រប់រូបគោរពប្រតិបត្ដិតាម ។ បញ្ហាមួយទៀតនោះ វាហួសពេលទៅហើយលើវប្បធម៌ឈ្នះបានដី ចាញ់បានលុយ សម្រាប់អ្នកដែលមានចរិកដូចឈ្មោះ មាស សុផាត ហៅ កុយ នេះជាដើម ៕