និស្សិតសាកលវិទ្យាល័យ បញ្ញាសាស្រ្តឆ្នាំទី១ត្រូវរថយន្ដកុងតៃន័រកិនស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់ជានិស្សិតសាកលវិទ្យាល័យ បញ្ញាសាស្រ្តឆ្នាំទី១បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ដោយសាររថយន្តកុងតឺន័រគៀរឲ្យដួលហើយបុកអូសចំងាយជាង១០ម៉ែត្រ និងកិនដើមទ្រូងព្រមទាំងក្បាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅម៉ោង៩និង៤០នាទី យប់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខរោងចក្រ W & D តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះ ម៉េង ឈុនលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាកលវិទ្យាល័យ បញ្ញាសាស្រ្តឆ្នាំទី១ និងធ្វើការក្រៅម៉ោងនៅកន្លែងរៀននិងដែល។ ស្នាក់នៅជាមួយពូក្នុងបុរីពិភពថ្មី (ចំការដូង)មានស្រុកកំណើត នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើតាមសំដីពូរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាដោយសារគ្រួសារក្មួយរបស់គាត់មានជីវភាពក្រីក្រគាត់ក៏យកមកឱ្យរស់នៅជាមួយគាត់ ដើម្បីអោយរៀនបន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយក្មួយរបស់គាត់បានឆ្លៀតធ្វើការក្រៅម៉ោងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ ។ ពេលដែលចប់ម៉ោងក្មួយរបស់គាត់ជិះម៉ូតូមកផ្ទះរបស់គាត់ដែលរស់នៅក្នុងបុរីពិភពថ្មីចំការដូង ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះឡើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-9822 បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន រថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 3E.3667បើកមកពីខាងក្រោយ គៀរឲ្យដួលហើយអូសគាត់ចម្ងាយប្រហែលជាង ១០ម៉ែត្រកិនចំដើមទ្រូងនិងក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីរថយន្តបង្កហេតុរួច ក៏បន្តបើករត់រហូតទៅដល់ផ្លូវ ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រក្នុងខណ្ឌដង្កោ ដោយមានសមត្ថកិច្ចដេញតាម ក៏ទុករថយន្តចោលរត់គេចខ្លួនស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ចំណែកសាកសពសមត្ថកិច្ចធ្វើឯកសារប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕