សន្និសិទ​បង្ហាញ​មុខជនសង្ស័យ៤១នាក់ពាក់ព័ន្ធករណីគ្រឿង​ញៀន

ភ្នំពេញ៖​ ជនសង្ស័យ៤១នាក់​(ស្រី៣នាក់)​ ក្រោយពីសមត្ថកិច្ចនៅតាមបណ្តាខណ្ឌបង្ក្រាបបានពាក់ព័ន្ធនឹងករណីជួញដូរនឹងប្រើប្រាស់ថ្នាំ​ញៀន នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ត្រូវបានកម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសិទកាសែតបង្ហាញមុខជាសាធារណៈ​ ។

លោកឧត្តមសេនីយ៍​ត្រី​ ព្រុំ​ សន្ធរ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទទួលបន្ទុកគ្រឿងញៀនបានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា​ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមឹុងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក​ សថេត​ អគ្គស្នងការរងនគរបាលជាតិនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាអោយកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសបង្ក្រាបករណីគ្រឿងញៀននៅតាមមូលដ្ឋានទាំង១២ខណ្ឌក្នុងរាជធានី​ភ្នំពេញ។ ដូច្នេះកម្លាំងតាមបណ្តាខណ្ឌនឹងកម្លាំងនៃការិយាល័យ​ប្រឆាំងបទល្មើសគ្រឿងញៀនបានចុះអនុវត្តន៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់៤១នាក់​ ក្នុងនោះ​(ស្រី៣នាក់)​ ថែមទាំងដកហូតបាននៅថ្នាំញៀនមួយចំនួនធំ​ សម្ភារប្រើប្រាស់ថ្នាំញៀន​ ,សម្ភារដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពជួញដូរគ្រឿងញៀន​ នឹងសកម្មភាពល្មើស​ច្បាប់ផ្សេងៗ​ទៀត ។

លោកឧត្តមបានបន្តថាក្រោយពីសន្និសិទ​បង្ហាញមុខជនសង្ស័យទាំង៤១នាក់​នេះ​ កម្លាំងបានដឹកជនសង្ស័យខ្លះទៅតាមបណ្តាខណ្ឌវិញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ​ ចំណែកមួយចំនួនទៀតត្រូវបានដឹកបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕