ចោរលួចម្នាក់ធ្វើអត្ដឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ជារឿងគួរឲ្យហួសចិត្ដមួយដែលសមត្ថកិច្ចមានធ្វេសប្រហែសបណ្ដាលឲ្យជនសង្ស័យជាចោរលួចម្នាក់មានឱកាសធ្វើអត្ដឃាតចង.កសម្លាប់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យជាចោរលួចធ្វើសកម្មភាពចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងដោយយកខ្សែក្រណាត់ជូតជើងចងជាមួយចម្អឹងដែក ធ្វើឲ្យដាច់ខ្យល់សម្លាប់ភ្លាមៗតែម្ដង ។

សូមជម្រាបថា ជនសង្ស័យឈ្មោះគឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក៏បានលោក អ៊ុំ សុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ លួច និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្ដនីតិវិធី ប៉ុន្ដែពេលវេលាមិនអំណោយទាន់ក៏ត្រូវសមត្ថកិច្ចនាំខ្លួនជនសង្ស័យជាចោរលួច មកកាន់អធិការនគរបាលខណ្ឌវិញ ទើបជាឱកាសល្អធ្វើឲ្យជនសង្ស័យជាចោរលួចសម្រេចចង.កសម្លាប់ខ្លួនតែម្ដង ។

គួររំលឹកថា កាលពីវេលាម៉ោង០២និង៣០ នាទី ឈានចូលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យដើរមកនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចប្រើដៃទាញបង្អួចកញ្ចក់ឲ្យរបើកមួយផ្ទាំងចូល លួចយកខ្សែនីឡុងចំនួន០៨ដុំ ពេលនោះអ្នក យាមឃ្លាំងភ្ញាក់ដឹងខ្លួនឡើងឃើញ ក៏ទាក់ទងប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខ្សែនីឡុងចំនួន០៨ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។

បច្ចុប្បន្នសាកសពជនសង្ស័យជាចោរលួចត្រូវសមត្ថកិច្ចចុះមកធ្វើកោសល្យវិច្ឆ័យ រួចសមត្ថកិច្ចហៅ រថយន្ដដឹកសាកសពទៅតម្កល់នៅវត្ដឬស្សីស្រស់ ដើម្បីបូជា ៕