ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ត្រូវក្រុមអ្នកលេងហ្វេសប៊ុករិះគន់ រឿង សរសេរ សង្កាត់ និង ខណ្ឌព្រែកព្នៅ ខុសអក្ខរាវារុទ្ធ

ភ្នំពេញ៖ បន្ទាប់ពីមានរឿងអាស្រូវ ត្រូវមហាជនរិះគន់រឿងប្តូរបទចោទប្រកាន់ លើក្រុមលោកចោរ និងដោះលែងជនសង្ស័យជាច្រើនករណី កាលពីពេលថ្មីៗនេះ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បង្ហោះ លិខិតជូនដំណឹងអំពីកាលបរិច្ឆេទនៃការអនុវត្តសាលដីកា តុលាការកំពូល របស់លោក ដោយគូសសញ្ញារង្វង់ព័ណ៌ក្រហម រិះគន់ថា លោកសរសេរឈ្មោះ សង្កាត់ និងខណ្ឌ ព្រែកព្នៅ ខុសអក្ខរាវារុទ្ធ។

នៅក្នុងលិខិតរបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានជូនដំណឹងដល់ កូនបំណុលឈ្មោះ មាស សុផាត ហៅ កុយ និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង មានអាស័យដ្ឋាន ភូមិដួង សង្កាត់ព្រែក(ភ្នៅ) ខណ្ឌព្រែក(ភ្នៅ) ដែលពាក្យ (ភ្នៅ) នេះគឺមិនត្រឹមត្រូវនោះទេ ពាក្យដែលត្រូវគឺ ព្រែកព្នៅ មិនមែន ព្រែកភ្នៅ នោះទេ។

មតិរិះគន់ បានលើកឡើងថា ក្នុងនាមជាព្រះរាជអាជ្ញារង មួយរូប មិនគួរ ចេញលិខិតរដ្ឋបាល ដោយមិនបានពិនិត្យឲ្យបានម៉ត់ចត់បែបនេះ ឡើយព្រោះ វាអាចនាំឲ្យពលរដ្ឋមិនវាយតម្លៃតែលើបុគ្គលម្នាក់ បែរជាវាយតម្លៃទៅលើប្រព័ន្ធយុត្តិធម៌ទាំងមូលទៅវិញ ។ មហាជនសង្ឃឹមថា លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន អាចទទួលយករិះគន់នេះបាន និងអាចធ្វើការដោយការយកចិត្តទុកដាក់ជាងនេះ៕