ប្ដីត្រូវបើកឡានបុក​ស្លាប់ផ្លូវស្ងាត់បើកឡានគេចបាត់ ប្រពន្ធយំដល់សន្លប់

ភ្នំពេញ ៖ បុរសម្នាក់ដេកស្លាប់បាត់បង់ជីវិត ដោយសាររថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខពេញទំហឹងហើយក៏បន្ថែមល្បឿនរត់បាត់ស្រមោល ហេតុការគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមស្ពានពែ្រកសំរោង តាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-8045 បើកតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក្រោមស្ពានព្រែកសំរោង ក៏ស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) បានបើកមកបុកចំពីមុខពេញទំហឹង ខណៈដែលជិះបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យបុរសម្នាក់ខាងលើស្លាប់បាត់បង់ជីវិត ដោយសារតែបោកក្បាលនិងថ្នល់បែកក្បាលចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបុករួចរថយន្តមិនស្គាល់ម៉ាកនោះ បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ដោយបន្សល់ទុកសពបុរសរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាមកណ្ដាលផ្លូវក្បែរម៉ូតូដែលរងការខូចខាតខ្ទេចមួយកំណត់ មុខយ៉ាងដំណំ ក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់នោះ​ បានប្រទះឃើញ​ទើបរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកភ្លាមៗផងដែរ។ លុះពេលប្រពន្ធជនរងគ្រោះ(សព) មកដល់ភ្លាម ក៏ស្រែកទ្រហ៊ោយំ​ស្រែកហៅឈ្មោះប្ដី​ ប្ដីអើយប្ដី ម៉េចបងទៅចោល​អូនចឹង​ បងមកវិញមកប្ដីសំលាញ់ បងប្អូន​អើយជួយប្ដីខ្ញុំផង​” រហូតដល់សន្លប់ស្តូកស្តឹង ២ទៅ៣ដង ។

ជនរងគ្រោះ(សព)មានឈ្មោះ ឃី អាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្រពន្ធនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់ចោលប្រពន្ធនិងកូនប្រុសស្រីតូចៗ ២នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ មកវាស់វែងយកម៉ូតូយកទៅរក្សាទុកប្រគល់ជូនម្ចាស់វិញ ។ ចំណែកសពជូនទៅប្រពន្ធនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕