សាហាវម្លេះ! ជិះម៉ូតូ ប៉ះ ឡាន ចុះទះ កំផ្លៀងម្ចាស់ឡានហើយ រកវៃខ្នោះទៀត

ភ្នំពេញ៖ ជិះម៉ូតូជាមួយប្រពន្ធធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វារបានទៅប៉ះជាមួយនឹងរថយន្ត មួយគ្រឿង ម៉ាក ហាយលែនឌ័រ រួចបានចុះពីលើម៉ូតូទៅទះកំភ្លៀងម្ចាស់រថយន្តចំនួន២ដៃនិងរកវ៉ៃខ្នោះគេថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ និង ឈាន ដល់ ការ ប្រើប្រាស់ អំពើ ហិង្សា នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគួចកាណុង ជិតគោលដៅចរាចរណ៍ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្ត មួយគ្រឿង ម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-5458 ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូជនបង្កដោយមិនចាំម៉ាក ក្នុងទិសដៅពីត្បូងទៅជើង ។

ខណ:ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តនិងម៉ូតូក៏បានប៉ះគ្នា រួចមកក៏បានឈ្លោះទាស់ទែងសំដីគ្នាយ៉ាងខ្លាំងធ្វើឲ្យភាគីជាម្ចាស់ម៉ូតូបានដើរមកទះទៅលើម្ចាស់រថយន្តចំនួន ២កំផ្លៀង ថែមទាំងរកវៃខ្នោះ និងបោកទូរស័ព្ទជនរងគ្រោះឲ្យខូចខាតទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចដែលឈរប្រចាំការនៅគោលដៅចរាចរណ៍ខាងលើបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ដើម្បីចុះមកយកជនបង្កនិងជនរងគ្រោះយកទៅប៉ុស្តិ៍ ធ្វើការសួរនាំរកដំណោះស្រាយ។

បន្ទាប់ពីសមត្ថកិច្ចបានសួរនាំ និងសម្របសម្រួលរួចមកភាគីទាំងសងខាងព្រមបញ្ចប់រឿង ដោយសារភាគីជនបង្កព្រមសងថ្លៃខូចខាតចំនួន ២៥០ ដុល្លារ ទៅឲ្យជនរងគ្រោះ និងព្រមសំពះសុំទោសជនរងគ្រោះ ដើម្បីបញ្ចប់រឿង ។ ទោះបី យ៉ាងណា សមត្ថកិច្ច មិនបានបញ្ជាក់អត្តសញ្ញាណជនបង្ក និង ជនរងគ្រោះនោះទេ ដោយសាររឿងនេះ បានបញ្ចប់ហើយ ៕