រថយន្ដទំនើបឡើងថី្មស្រឡាង មកបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀតទំនងជាស្រវឹងស្រា បានបើករថយន្ដទំនើបមួយគ្រឿងរេចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាក សាដេស ពណ៌សរ អត់ស្លាកលេខ បើកដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានរេង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំតែម្ដង ឯក្បាលនាគពុះចែកទ្រូងផ្លូវរងកាខូចខាតតិចតួច ចំណែកឯបុរសទាំង២នាក់នៅក្នុងរថយន្ដមិនមានអ្នកណារបួសទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុ ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕