ផ្អើលពេញមជ្ឈមណ្ឌលម៉ាស្សា «ស្ពាញសេនធ័រ »នៅខាងក្រោយផ្សារទំនើបសុវណ្ណាព្រោះតែបុរសម្នាក់

ភ្នំពេញ​ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បានចូលទៅ​ម៉ាស្សា​សុខភាព​ អស់រយៈពេល​ជិត២ម៉ោង​ ស្រាប់តែឃើញរត់ចុះមកវិញ​ទាំងអាក្រាតកាយ​ ​ដេញប៉ផាប់ចាប់ពភីង​ ស្រែក​ឡូឡា​ចោទថាស្ត្រី​ម្នាក់ដែលជាអ្នកម៉ាស្សា​ក្នុងបន្ទប់នោះ​ បានលួចយកលុយ ១០០ដុល្លារ​ ហើយក៏ប្រកែកគ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌល​ម៉ាស្សា​សុខភាពមួយកន្លែង យីហោ ស្ពាញសេនធ័រ (SPINE CENTER) ខាងក្រោយផ្សារទំនើប​សុវណ្ណា​ ស្ថិតតាមផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បុរសវ័យចំណាស់ខាងលើ​(មិនស្គាល់ឈ្មោះ​)​ បានប្រាប់រៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ក៏ជាមន្ត្រីប៉ូលីសធ្វើការនៅ​ក្រសួងមហាផ្ទៃ​ដែរ តែមិនបានប្រាប់ពីអង្គភាពណា​ ឬការិយាល័យណានោះទេ​ ហើយគាត់បន្តទៀតថា​ ដំបូងឡើយ​គាត់បានមក​ម៉ាស្សា​នៅមជ្ឈមណ្ឌល​ខាងលើ​ នៅបន្ទប់ជាន់លើ​ ដោយបានអោយ​ស្ត្រីជាបុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សានោះ​ ធ្វើការម៉ាស្សា​អោយ​ រហូតអស់រយៈពេល​ជាង១ម៉ោង​រួចហើយ​ គាត់ក៏ក្រឡេកឃើញ​ស្ត្រីម៉ាស្សានោះ​ យកលុយរបស់គាត់​ចំនួន១០០ដុល្លារ​ (ដោយមិនបានបញ្ជាក់ថាលុយ​គាត់ទុក​កន្លែងណា​ ឬចំណុចណា​នោះទេ​) ហើយស្ត្រីម៉ាស្សានោះ​បានចុះមកជាន់ក្រោម​ ទើបគាត់​ស្ទុះ​រត់ចុះមក​ដេញចាប់​ប្រផាប់​ប្រភីង អោយអ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​នោះ​ បានដឹងដែរ​ តែ​ស្ត្រីម៉ាស្សានោះ​ប្រកែក​ ទើបគាត់​ចង់ប្ដឹងពីស្ត្រីម៉ាស្សាម្នាក់នោះ​ លួចលុយរបស់គាត់​ ដូច្នេះ​ក្មួយប៉ូលិសជួយនាំនាងទៅប៉ុស្តិ៍ផង។

ចំណែកឯស្ត្រី​ដែលរងការចោទប្រកាន់ពីបុរសខាងលើ​ ជាបុគ្គល​មជ្ឈមណ្ឌល​ម៉ាស្សាខាងលើ​ (មិនស្គាល់ឈ្មោះ​ទេ)​ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា​ រូបគាត់សុំ​បដិសេធ​ទាំងស្រុង ចំពោះការចោទប្រកាន់មកលើគាត់បែបនេះ ទាំងដែលគាត់មិនបាន​ប៉ះពាល់​លុយ ​ឬរបស់មានតម្លៃរបស់​បុរសនោះ​បន្តិចឡើយ​ ព្រោះពេលចូលដល់ក្នុងបន្ទប់ម៉ាស្សា​កើតហេតុនោះ​ បុរសចំណាស់ខាងលើ​ បានយករបស់ទ្រព្យមានតម្លៃ​ទៅទុកដាក់ស្រួលបួល​ដែរ​ ហើយគាត់ក៏មិនបានដឹងថាទុក​ឯណាដែរ បន្ទាប់មករូបគាត់​បានចូលមក​ម៉ាស្សាដោយចលនាជូន​បុរសវ័យចំណាស់នោះ​ តាមធម្មតា​ដូចភ្ញៀវដទៃទៀតដែរ អស់រយៈពេល​ជិត២ម៉ោង រួចហើយក៏បានបើកទ្វារចេញមកធម្មតា តែបែរជា​បុរសវ័យចំណាស់បានរត់ចុះមកតាមគាត់ពីក្រោយទាំងអាក្រាតកាយ ទើបគាត់ ប្រញាប់​ចុះមកដល់ក្រា​ម​ ហើយបុរសនោះក៏ស្រែកឡូឡា​ ចោទដាក់​គាត់ថា​ លួចយកលុយ​អស់ចំនួន១០០ដុល្លារ​ទៅវិញ​ ហើយចំពោះការចោទប្រកាន់មកលើគាត់បែបនេះ រូបគាត់សុំ​បដិសេធ​ទាំងស្រុង ។

ក្រោយពេលកើតហេតុ ដោយសារតែនិយាយមិនស្ដាប់គ្នា​ សមត្ថកិច្ចក៏ជិះចេះទៅល្បាតក្នុងភូមិសាស្ត្របាត់ ហើយបុរសចំណាស់នោះ​ នៅតែស្រែកឡូឡា​នៅមុខហាង​នោះទៀត​ មួយសន្ទុះក្រោយមក បានស្រែកប្រាប់ថា ទៅប៉ុស្តិ៍ដាក់ពាក្យ​បណ្ដឹង ស្រាប់តែបាត់សូន្យមិនដឹងទៅណាបាត់នោះទេ៕