នគរបាល​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​ អង្គ​នៅ​ក្រុង​ប៉ោយប៉ែត​ ករណី​ចាក់​សម្លាប់​ស្ត្រី​ម្នាក់

ក្រុងប៉ោយប៉ែត៖ ប្រភពព័ត៌មានឲ្យដឹងថា ព្រះសង្ឃមួយអង្គបានក្លាយជាឃាតក ខណៈបានធ្វើសកម្មភាពយកវត្ថុរឹងចាក់ស្ត្រីម្នាក់ហូរឈាមស្រេចពេញក្នុងរថយន្ត ហើយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

ប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ក្រោយកើតហេតុពួកគាត់បានឮសំឡេងស្រ្តីម្នាក់ស្រែកឱ្យជួយ ក៏នាំគ្នាផ្អើលទៅមើលឃើញស្រ្តីម្នាក់ឈាមស្រោចពេញខ្លួន ខណៈឃើញដូច្នេះពួកគាត់បានសង្រ្គោះដោយដឹកយកទៅមន្ទីរពេទ្យ បង្អែកដីថ្មី២ ។

ប្រភពព័ត៌មានបឋមឲ្យដឹងថា ក្នុងអំពើចាក់សម្លាប់មនុស្ស សមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតបានចាប់ ឃាត់ខ្លួនព្រះសង្ឃម្នាក់ ដែលស្ថិតក្នុងការសង្ស័យជាឃាតកចាក់ស្ត្រីខាងលើនេះនាំមកអធិការដ្ឋាននគរបាលក្រុង ដើម្បី ស្រាវជ្រាវ និងចាត់ការតាមច្បាប់ ៕