ក្រុមអ្នកលេងហ្វេសប៊ុក សម្តែងក្តីបារម្ភ និងរិះគន់ រ៉ឺម៉កកង់បី ក្រុមហ៊ុន PassApp រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរមិនគោរពច្បាប់

ភ្នំពេញ៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ កើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ (ភ្នំពេញទៅអ្នកលឿង) ត្រង់ចំណុច ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល គេបានសង្កេតឃើញថា មានបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានរីះគន់អ្នកបើកបរ រ៉ឺម៉កកង់បី របស់ក្រុមហ៊ុន PassApp ដែលតែងតែបង្គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ផងដែរ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា​ ករណីនេះបង្កឡើងដោយម៉ូតូកង់បីឥណ្ឌា (PassApp) ពណ៍លឿង (គ្មានពាក់ស្លាកលេខ) បើកបរដោយឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរពីភ្នំពេញទៅអ្នកលឿង ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរកង់បីនោះ ក៏បានវ៉ាជែងរថយន្តសាំយ៉ុង ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AC-9851 ដឹកសិស្សសាលារៀន បើកបរក្នុងទិសដៅស្របគ្នា ហើយពេលនោះម៉ូតូកង់បីឥណ្ឌា (PassApp) បានយកចង្កូតមកខាងមុខរថយន្តវិញ ទើបរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៍បុកម៉ូតូកង់បីឥណ្ឌា (PassApp) បណ្តាលឲ្យខូចខាតទាំងស្រុងអ្នកបើកបរឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងដឹកចេញយកទៅព្យាបាលនៅភ្នំពេញ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ នេះមានមតិជាច្រើនរបស់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា ក្រុមអ្នកបើកបររ៉ឺម៉កកង់បី PassApp តែងតែបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបង្កបញ្ហាជាច្រើនក្នុងកន្លងមក ។ អ្នកខ្លះលើកឡើងថា មានក្រុុមអ្នកបើកបររ៉ឺម៉កកង់បី PassApp ខ្លះបើតម្រៀបជួរគ្នាពេញផ្លូវ ចំណែកអ្នកខ្លះទៀត បើជ្រែពេញផ្លូវក៏មាន។ ហើយកាលពីពេលកន្លងទៅក៏មាន អាជីវករ លក់សម្លៀកបំពាក់ បានបាត់អាវ ព្រោះអ្នកបើកបររ៉ឺម៉កកង់បី PassApp ស៊ីដាច់ផងដែរ។

ប្រជាពលរដ្ឋដែលនិយម ធ្វើដំណើរតាមរ៉ឺម៉កកង់បី បានសុំណូមពរឲ្យក្រុមហ៊ុន ដែលរកស៊ីវិស័យដឹកជញ្ជូនបែបនេះ គួរតែ គិតគួរលើការអប់រំ ច្បាប់ចរាចរណ៍ដល់អ្នកបើកបររបស់ខ្លួន ផង ព្រោះ ជីវិតអ្នកធ្វើដំណើរបានផ្ញើលើអ្នកបើកបរទាំងអស់នោះ បើពួកគាត់បើបរមិនគោរពច្បាប់ តើនៅពេលមានគ្រោះថ្នាក់អ្នកណាទទួលខុសត្រូវ? ឬត្រូវឲ្យអ្នកជិះរងគ្រោះ ព្រោះតែក្រុមអ្នកបើកបរខ្វះសីលធម៌ បែបនេះទទេៗ?