ជិះម៉ូតូដឹកប្រពន្ធចេញពីធ្វើការត្រូវរថយន្តទេសចរណ៍បើកលឿនជ្រុលបុកពីក្រោយធ្លាក់ប្រពន្ធចូលក្រោយឡានកិនស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖​ រថយន្តក្រុមហ៊ុនទេសចរណ៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលបុកប្តីប្រពន្ធមួយគូរកំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការបណ្តាលអោយស្លាប់ប្រពន្ធ​ ប្តីរងរបួសស្រាល​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង០០នាទី​ ល្ងាចថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុង​ (ផ្លូវ៣០ម៉ែត្រ)​ ក្នុងភូមិទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

តាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុប្តីប្រពន្ធមួយគូរបានជិះម៉ូតូធន់ធំមួយគ្រឿង​ ម៉ាក​ MSX ឌុបគ្នាចេញពីធ្វើការរោងចក្រ​ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០​ម៉ែត្រទិសដៅពី​កើតទៅលិច​ក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរណ៍មួយគ្រឿងបានបើកបរស្របទិសគ្នាជាមួយម៉ូតូយ៉ាងលឿន​ ហើយទំនងចាប់ហ្វ្រាំងមិនទាន់ក៏បានជ្រុលល្បឿនបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្ត្រីជាប្រពន្ធ​ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធម៌​ ឬឯប្តីបានរងរបួសស្រាល​ ចំណែកម៉ូតូត្រូវបានរថយន្តអូសក្រោយរថយន្តជាច្រើនម៉ែត្របណ្តាលឆាប់ឆេះខ្ទេចតែម្តង​ ។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងបានទំនាកទំនងទៅមន្ត្រីជំនាញចុះវាស់វែងអូសយករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕